BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting on "Draft Prakas on determining the qualifications of enterprises, companies, and factories for the recognition of the skills of workers, employees and staff"

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នៅសណ្ឋារគារ ហ៊ីម៉ាវ៉ារីភ្នំពេញ, ឯកឧត្តមវេជ្ជបណ្ឌិត ជិន សំណាង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើ "សេចក្តីព្រាងប្រកាសស្តីពីការកំណត់គុណវុឌ្ឍិ
សហគ្រាស ក្រុមហ៊ុន រោងចក្រក្នុងការទទួលស្គាស់ជំនាញកម្មករ និយោជិត និងបុគ្គលិក" ក្រោម អធិបតីភាពរបស់ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងគ្រឹះស្ថាន សមាគម និងក្រុមហ៊ុនឯកជន, តំណាងនិយោជក និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៨៥រូប។ 
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងដើម្បីពិគ្រោះយោបល់ជាមួយនឹងភាគីពាក់ព័ន្ធ សមាគម និង និយោជក ដើម្បីផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីព្រាងប្រកាសនេះ និងប្រមូលមតិយោបល់ និងអនុសាសន៍ សម្រាប់កែលម្អឯកសារ មុននឹងដាក់ឱ្យអនុវត្តជាផ្លូវការ។ 
សូមជម្រាបជូនថា​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំនូវសេចក្តីព្រាងប្រកាសទាក់ទង នឹង នីតិវិធីស្តង់ដាប្រតិបត្តិការ (Standard Operating Procedure – S0P) នេះ  ដើម្បីធ្វើជាឯកសារ ណែនាំផ្លូវការសម្រាប់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលមានបំណងចូលរួមក្នុងការវាយតម្លៃសមត្ថភាព ទទួលស្គាល់ជំនាញរបស់កម្មករនិយោជិត និងបុគ្គលិកតាមបទពិសោធការងារពិតប្រាកដ។ ការបង្កើត ប្រព័ន្ធនេះមានគោលបំណងលើកកម្ពស់តម្លៃជំនាញរបស់កម្មករ បង្កើនឱកាសអាជីព និងជួយឱ្យសហ គ្រាស អាចគ្រប់គ្រងធនធានមនុស្សយ៉ាងប្រសើរឡើង។ 
នីតិវិធីស្តង់ដាប្រតិបត្តិការនេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. បង្កើតស្តង់ដាប្រតិបត្តិការ ដើម្បីណែនាំដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងការចូលរួមសហការ វាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញកម្មករនិយោជិត និងបុគ្គលិក ឱ្យបានត្រឹមត្រូវ ស្របតាមគោល
នយោបាយរបស់រាជរដ្ឋាភិបាល។ 
២. លើកកម្ពស់គុណភាពធនធានមនុស្ស តាមការទទួលស្គាល់ជំនាញ និងបទពិសោធការងារជាក់ស្តែង របស់កម្មករនិយោជិត និងបុគ្គលិក។
៣. ជំរុញឱ្យមានការរៀនសូត្រពេញមួយជីវិត ដោយផ្តល់ឱកាសស្មើគ្នា ដល់កម្មករនិយោជិត និងបុគ្គលិក ដែលមានបទពិសោធប៉ុន្តែមិនមានសញ្ញាបត្រផ្លូវការ។
៤. លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងភាពប្រកួតប្រជែង របស់សហគ្រាស ក្រុមហ៊ុន រោងចក្រ តាមរយៈ ការអភិវឌ្ឍ និងគ្រប់គ្រងជំនាញរបស់កម្មករនិយោជិត និងបុគ្គលិកយ៉ាងមានប្រសិទ្ធភាព។
៥. ជំរុញការចូលរួមពីវិស័យឯកជន ក្នុងការអភិវឌ្ឍធនធានមនុស្ស និងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ។

​​​​​​​

Share: