ជំនួបរវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារអង្កេត JICA ស្ដីពីនីវិធីនាំចេញនាំចូលទំនិញ ប្រព័ន្ធបញ្ជរជាតិតែមួយ (NSW) និង Port EDI
នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានជំនួបពិភាក្សាការងាររវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជា លោក គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង លោក ស៊ិន ចន្ធី សមាជិកសភាពាណិជ្ជកម្មកម្ពុជា ជាមួយនិងក្រុមការងារអង្កេតរបស់ JICA ទាក់ទងនឹងប្រធានបទស្ដីពីនីតិវិធីនាំចេញនាំចូលទំនិញ ប្រព័ន្ធបញ្ជរជាតិតែមួយ (NSW) និង Port EDI នៅកម្ពុជា ។
គោលបំណងនៃជំនួបនេះ គឺដើម្បីប្រមូលធាតុចូលពីវិស័យឯកជនលើការអនុវត្តជាក់ស្ដែងរបស់ក្រុមហ៊ុនឯកជនក្នុងនីតិវិធីនាំចេញនាំចូលទំនិញ បែបបទត្រួតពិនិត្យទំនិញរបស់គយ ការប្រើប្រាស់ប្រព័ន្ធ ASYCUDA ការប្រើប្រាស់ប្រព័ន្ធ National Single Window (NSW) និង Port EDI នៅកម្ពុជា។ លើសពីនេះ ក្រុមការងារអង្កេត ក៏បានស្នើសុំសំណូមពរផ្សេងៗពីវិស័យឯកជនសម្រាប់ទុកជាការពិចារណាស្វែងរកដំណោះស្រាយនាពេលអនាគតផងដែរ។ គួរបញ្ជាក់ផងដែរថា ការធ្វើការអង្កេតនេះ គឺដើម្បីទទួលបានធាតុចូលពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់អំពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តសម្រាប់នីតិវិធីបញ្ចេញទំនិញពីគយ និងទំហំការងារ ក៏ដូចជា កំណត់លើភាពចាំបាច់ និងលទ្ធភាពក្នុងការអនុវត្តមុខងារបន្ថែម ដូចជា ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យទំនិញ សម្រាប់ ASYCUDA ។