នារសៀល ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Avelino Fernandes Ximenes Pereira លេខាធិការទី១ នៃស្ថានទូតទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូនៃកម្មវិធីថ្នាក់ដឹកនាំវ័យក្មេង និងអនាគតថ្នាក់ដឹកនាំទីម័រខាងកើត "Future Lider BA ASEAN" (FLBA) ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញបេសកកម្មសិក្សាស្វែងយល់ពីព្រះរាជាណាចក្រកម្ពុជាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២៩។
លោក Avelino Fernandes Ximenes Pereira បានថ្លែងអំណរគុណដល់ឯកឧត្តមឧកញ៉ា អគ្គនាយកដែលបានអនុញ្ញាតអោយរូបលោក ក៏ដូចជាគណៈប្រតិភូចូលជួប និងពិភាក្សាការងារ។ លោកលេខាធិការទី១ និងគណៈប្រតិភូបានសាកសួរអំពីសាវតានៃសភាពាណិជ្ជកម្មកម្ពុជា និងតួនាទីក្នុងការគាំទ្រនៅវិស័យឯកជននៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀតគណៈប្រតិភូក៏បានមានចំណាប់អារម្មណ៍អំពីប្រទេសកម្ពុជា ដែលមានប្រវត្តសាស្ដ្រឆ្លងកាត់សង្គ្រាម និងការទទួលរងអាណានិគមដូចគ្នានិងប្រទេសទីម័រខាងកើត ប៉ុន្ដែអាចក្លាយទៅជាប្រទេសមួយក្នុងអាស៊ានដែលមានសេដ្ឋកិច្ចកើនឡើងជាលំដាប់ និងមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនមកវិនិយោគយ៉ាងច្រើនកុះករ។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានរៀបរាប់អំពីការបង្កើតឡើងសភាពាណិជ្ជកម្មកម្ពុជា ដោយស្ថាប័ននេះដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឯកជន។ ឯកឧត្តមឧកញ៉ា អគ្គនាយកក៏បានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងធុរកិច្ចនៅកម្ពុជាតាមរយៈច្បាប់វិនិយោគដែលសមប្រកបសម្រាប់វិនិយោគិន។ ជាចុងក្រោយ ឯកឧត្តមឧកញ៉ាអគ្គនាយក ក៏បានជូនពរប្រទេសទីម័រខាងកើតក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២៩ ខាងមុខ ដោយសង្កត់ធ្ងន់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាកាតាលីករដ៏សំខាន់ក្នុងការត្រៀមលក្ខណៈឱ្យបានល្អប្រពៃ។





BECOME A MEMBER
