សូមក្រាបបង្គំទូលថ្វាយ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល
នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចម៉ែ សម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !
នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ពោរពេញទៅដោយក្តីអភិរម្យសោមន្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់៨១ យាងចូល ៨២ព្រះវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយនូវ ព្រះសព្ទសាធុការពរជ័យបវរមហាប្រសើរចំពោះ សម្តេចព្រះមហាក្សត្រី និងសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតន ត្រ័យកែវទាំងបី មហិទ្ធិឫទ្ធិបុណ្យបារមីនៃទេវតារក្សាមហាស្វេតច្ឆត្រ និងវត្ថុស័ក្កិសិទ្ធិក្នុងលោកព្រមទាំង ដួងព្រះវិញ្ញាណ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី មានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អ បរិបូរណ៌ និង ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនា ដល់កូនចៅ
ចៅទូត ប្រជារាស្ត្រ និងមាតុភូមិកម្ពុជា ជាទីស្នេហា ។
នៅក្នុងវរោកាសដ៏មហាមង្គលាភិរម្យនេះផងដែរ ទូលព្រះបង្គំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃ សភាពាណិជ្ជកម្មកម្ពុជា ក៏សូមព្រះបរមរាជានុញ្ញាត សម្តែងថ្វាយនូវមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រ ប្រកបដោយភក្តីភាព សម្តែងនូវកត្តញ្ញូកត្តវេទីយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះ មហាក្សត្រីជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាពិសេសព្រះរាជបេសកកម្មលើវិស័យមនុស្សធម៌ និងសង្គមកិច្ច ដ៏ឧដុង្គឧត្តម ដែលបានធ្វើឲ្យមានវឌ្ឍនភាព វិបុលភាព នៃប្រជារាស្ត្រព្រះអង្គគ្រប់ៗរូប ។
សូម សម្តេចព្រះមហាក្សត្រីជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវភក្តីភាព ដ៏ស្មោះ ត្រង់ និងអភិវន្ធនកិច្ចដ៏ខ្ពង់ខ្ពស់ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា។
សេចក្តីគួរពុំគួរ សូម សម្តេចព្រះមហាក្សត្រីជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ព្រះមេត្តាប្រោស ។