នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងនិយ័តករគណនេយ្យនិងសវនវកម្ម។ សិក្ខាសាលនេះ ក៏មានការចូលរួមថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងមានការចូលរួមពីសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា ជាង២០០នាក់។
អង្គសិក្ខាសាលាបានពិភាក្សាអំពីកាតព្វកិច្ចសំខាន់ៗដែលក្រុមហ៊ុនសហគ្រាសត្រូវបំពេញ ស្របតាមច្បាប់ជាធរមាន រួមមានដូចជា៖ ការកាន់បញ្ជីគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការទទួលឲ្យមានសវនកម្មឯករាជ្យ ជាដើម។ អង្គសិក្ខាសាលា ក៏បានផ្សព្វផ្សាយអំពីការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានាក្នុងវិស័យគណនេយ្យ និងសវនកម្ម ក្នុងគោលបំណងលើកកម្ពស់តម្លាភាព គណនេយ្យ និងភាពអាចទុកចិត្តបាននៃរបាយការណ៍ហិរញ្ញវត្ថុ ក៏ដូចជាបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនសហគ្រាស។