នារសៀលថ្ងៃសុក្រ ១៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ សីហា ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃគណៈកម្មាធិការជាតិទទួលបន្ទុកអនុវត្តន៍គម្រោង GO-SPIN បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំគម្រោង និងគណៈកម្មាធិការជាតិទទួលបន្ទុកអនុវត្តន៍គម្រោង GO-SPIN តាមប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តទៅក្រោមអធីបតីភាព របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំគម្រោង GO-SPIN។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដើម្បី ណែនាំពីសមាសភាព តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិទទួលបន្ទុកអនុវត្តន៍គម្រោង GO-SPIN និងជម្រាបអំពីកម្រងសំណួរ ទម្រង់បញ្ជីសារពើភណ្ឌរបស់គម្រោង GO-SPIN ក៏ដូចជាកិច្ចការដែលត្រូវបំពេញដើម្បីសម្រេចការអនុវត្តន៍គម្រោង GO-SPIN នៅកម្ពុជា។