ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ នាទីព្រឹក។ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” (ក.ជ.វ.ប.ន) បានចូលរួមកិច្ចប្រជុំលើក១ របស់ “ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” (ក.ជ.វ.ប.ន) ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូ zoom ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” (ក.ជ.វ.ប.ន) និងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយសក្រុមប្រឹក្សា។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អនុប្រធាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” (ក.ជ.វ.ប.ន) ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងវត្តមាន ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តី ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំក្រសួងនានា តំណាងក្រសួង ស្ថាប័នរដ្ឋ នឹងមកពីគ្រប់ភាគីពាក់ព័ន្ធដូចជា ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ព្រមទាំងតំណាងមកពីផ្នែកឯកជនសំខាន់ៗចូលរួមជាច្រើនផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យពិភាក្សា កំណត់ទិសដៅការងារ និងអនុម័តលើឯកសារនានា ក្នុងគោលបំណងគាំទ្រ និងជំរុញដល់ការអនុវត្តការងារក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា។
ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យពិភាក្សាជាច្រើន នឹងទទួលបានធាតុចូល យោបល់ល្អៗ ក្នុងការកែលម្អបន្ថែមមួយចំនួន ហើយក៏បានសម្រេចអនុម័ត ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ ដើម្បីគាំទ្រដល់ការស្តាឡើងវិញរបស់ប្រទេសពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ គណៈប្រឹក្សាយោបល់ វ.ប.ន របស់ ក.ជ.វ.ប.ន បានណែនាំឱ្យមានការអភិវឌ្ឍនូវផ្លូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាជអាទិភាពចំនួនបី (បច្ចេកវិទ្យាអប់រំ, បច្ចេកវិទ្យាសុខាភិបាល និង បច្ចេកវិទ្យាកសិកម្ម) ។ តាមការស្រាវជ្រាវបឋម កម្ពុជាយើង មានធនធានមនុស្សជាអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន៩៣២៤រូប ក្នុងនោះស្ត្រីចំនួន២២៩៧រូប។ យើងបន្តស្រាវជ្រាវប្រមូលផ្តុំធនធានដ៏មានឋាមពលបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង ។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤៩នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.