នារសៀលថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ មិថុនា ២០២១ - ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម សិក្ខាសាលាថ្នាក់ជាតិសម្រាប់ការចាប់ផ្តើមអនុវត្តគម្រោងGO-SPIN នៅកម្ពុជា តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) និងមានការចូលរួមពី លោកស្រី Peggy Oti-Boateng ជាតំណាងយូណេស្កូនៃទីស្នាក់ការកណ្តាលទីក្រុងប៉ារីស និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីចែលរំលែកពីស្ថានភាពនៃប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ធាតុផ្សំនៃវិធីសាស្រ្ត GO-SPIN ដើម្បីរៀបចំការស្រាវជ្រាវ និងការអភិវឌ្ឍ GO-SPIN ក្នុងបរិបទកម្ពុជា។ ក្រសួង ឧ.វ.ប.ន. និងអង្គការយូណេស្កូនឹងរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងសិក្ខាសាលាប្រឹក្សាយោបល់នានា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។