BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីតំណាងភាគីរាជរដ្ឋាភិបាល ភាគីកម្មករនិយោជិក និងភាគីនិយោជក និងស្ថាប័នពាក់ព័ន្ធ។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើកិច្ចពិភាក្សាគ្នាជាច្រេីន​លេីក​ លើបច្ចេកទេសនៃលក្ខណវិនិច្ឆ័យក្នុងការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១។

ជាលទ្ធផលនៃកិច្ចប្រជុំព្រឹកនេះ អង្គប្រជុំទាំងមូល បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ ១៩០ដុល្លារអាមេរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមា ក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ ដូច្នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន ១៩០ដុល្លារអាមេរិក ជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចបើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។

យោងរបាយការណ៍របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៩០ដុល្លារអាមេរិក។ ដូច្នេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង នឹងមានប្រាក់ឈ្នួលរប្បរមាចំនួន១៩២ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន១៨៧ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។

Share: