នាថ្ងៃទី៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម “សន្និសីទ ថ្នាក់ដឹកនាំធុរកិច្ចចិន (ខេត្តស៊ីឈួន) - អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍” តាមប្រព័ន្ធអនឡាញ ក្រោមមូលបទ “ការជំរុញការតភ្ជាប់ស្តង់ដារ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ”។
សន្និសីទនេះ ត្រូវបានសហការរៀបចំឡើងដោយក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តស៊ីឈួន និង មជ្ឈមណ្ឌលស្រាវជ្រាវស្តង់ដារជាតិអាស៊ីខាងត្បូង (ឆឹងទូ) ដោយមានការចូលរួមពីស្ថាប័នចំនួន៣៧ រួមមាន អង្គការអន្តរជាតិ ស្ថានទូតនិងកុងស៊ុល ស្ដាប័នរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីសហគមន៍ធុរកិច្ចមកពី១៧ប្រទេសនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ផងដែរ។ គួរបញ្ជាក់ផងដែរថា គោលបំណងចម្បងនៃ “កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន (ខេត្តស៊ីឈួន) - អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ គឺដើម្បីជាវេទិកា និងផ្តល់ឱកាសធុរកិច្ចទូលំទូលាយសម្រាប់ធុរជនមកពីអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅទៅវិញទៅមក។ រហូតមកដល់ពេលនេះ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងចំនួន១០លើករួចមកហើយ។
ក្នុងសន្និសីទនេះដែរ ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច បានថ្លែងសុន្ទរកថាគន្លឹះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិនលើគ្រប់វិស័យ និងបានលើកឡើងអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងបរិយាកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម ឧកញ៉ា បានស្នើអង្គសន្និសីទសហការរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។