ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោក ហ៊ុន មុន្នីវណ្ណ អនុប្រធាន តំណាងលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានអញ្ជើញចូលរួម " កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនដែលគ្រោងនឹងអនុវត្តពីឆ្នាំ២០២២ " របស់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក យោហ្គិន ឡេមបឹត ប្រធានស្ដីទីកម្មវិធី GIZ- RED IV និង GIZ- MSME ព្រមទាំងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានា មន្រ្ដីសាលាខេត្តសៀមរាប និងម្ចាស់អាជីវកម្ម សហគ្រាស ប្រមាណ ២០ នាក់ នៅសណ្ឋាគារសោម៉ាទេវីអង្គរ ខេត្តសៀមរាប ។
គោលបំណងនៃសិក្ខាសាលានេះ ដើម្បីផ្ដល់ព័ត៌មានជូនអ្នកចូលរួមទាក់ទងនឹងគម្រោងបន្ដ ពង្រីកសកម្មភាពគាំទ្រ ការផ្លាស់ប្ដូរផ្សេងៗរបស់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន (RED) ទៅជាកម្មវិធីបង្កើនលទ្ធភាពប្រកួតប្រជែងសហគ្រាសជាតិ (ICONE) និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួមដើម្បីរៀបជាផែនការអនុវត្តសកម្មភាពឱ្យកាន់តែមានប្រសិទ្ធិភាព ។
ដោយសារតែជំងឺកូវីដ-១៩ ការធ្វើបទបង្ហាញពីគោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយលោកស្រីបណ្ឌិត សាប៊ីណា ស្ន៊ីត ទីប្រឹក្សាឯករាជ្យ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ