ថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០២:៣០ នាទីរសៀលនាសភាពាណិជ្ជកម្មកម្ពុជាមានរៀបចំកិច្ចប្រជុំក្រុមការងារ ឋ “ផ្នែកសុខាភិបាល” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព លោក វេជ្ជបណ្ឌិតឧកញ៉ា តាន់ គីមមេង សហប្រធានក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” ផ្នែកឯកជន និងវត្តមាន ឯកឧត្តមឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប តំណាងសភាពាណិជ្ជកម្មអន្តរជាតិ ដែលជាសមាជិក សមាជិកានៃក្រុមការងារនេះជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណង ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងប្រមូលបញ្ហាប្រឈមថ្មីៗទាក់ទងនឹងវិស័យសុខាភិបាលដែលលើកឡើងដោយសមាជិកនៃក្រុមការងារ ដើម្បីដាក់ស្នើសុំដំណោះស្រាយ និងធ្វើការបញ្ជាក់ពីក្រសួងសុខាភិបាលដែលជាដៃគូសន្ទនា តាមរយៈយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។
ជាលទ្ធផលកិច្ចប្រជុំពិភាក្សានេះបានពិភាក្សាបញ្ហាសេសសល់ និងប្រមូលបញ្ហាប្រឈម ព្រមទាំងទទួលបានធាតុចូលជាច្រើន។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលល្អនឹងទទួលខុសត្រូវខ្ពស់។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com