ថ្ងៃសៅរ៍ ៨ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤
ត្រូវនឹងថ្ងៃទី10 ខែតុលា ឆ្នាំ2020 លោក ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានដឹកនាំសមាជិក ចុះសំណេះសំណាល និងពិភាក្សា ជាមួយសមាគមកសិដ្ឋាន តាសីសាមគ្គី និងក្រុមចិញ្ចឹមសត្វកង្កែប ត្រី និងមាន់ ក្នុងស្រុកថ្មគោល។
គោលបំណងក្នុងជំនួបពិភាក្សានេះគឺ៖
១.ស្វែងយល់ពីដំណើរការដាំ និងផលិត និងទិន្នផលដែលទទួលបាន
២.ស្រង់បញ្ហាប្រឈមដែលមានដូចជា ដើមទុន បច្ចេកទេស និងទីផ្សារ
៣.ចូលរួមជម្រុញអាជីវកម្មដែលមានស្រាប់អោយមាន ទីផ្សារ និងព្យាយាមប្រមូលផ្តុំដើម្បីបង្កើតទីផ្សារជាក់លាក់ជូនអាជីវករ
ពូនុនជាអ្នកតំណាងសមាគមកសិដ្ឋាន តាសីសាមគ្គី ដែលជាកសិដ្ឋានដាំបន្លែ និងចិញ្ចឹមមាន់ បានមានប្រសាសន៍ថានៅក្នុងប្រទេសកម្ពុជាយើងសំបូរទៅដោយវត្ថុធាតុដើមដែលមានជីវជាតិលើសពីប្រទេសដ៏ទៃ ហើយក៏អាចកែច្នៃអោយទៅជាជី ដើម្បីដាក់នៅក្នុងដំណាំអោយទទួលបាន ទិន្នផលច្រើន និងល្អ។លោកបន្តទៀតថា លោកកំពុងត្រូវការយុវជនជាច្រើនដើម្បីយកមកបណ្ដុះបណ្ដាលពីជំនាញដាំបន្លែ និងកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ទៅជាជី ។
ចំណែកខាងក្រុមចិញ្ចឹមសត្វកង្កែប ត្រី មាន់ វិញ បានលើកឡើងថាក្រុមរបស់គាត់កំពុងតែខ្វះបច្ចេកទេសក្នុងការចិញ្ចឹម និងទីផ្សារក្នុងការលក់ចេញ។
ក្នុងនោះដែរលោក ភួ វាសនា បានមានប្រសាសន៍ថា លោកនឹងស្រង់ពីបញ្ហាប្រឈមដែលជួបប្រទះនេះដើម្បីស្វែងរកដំណោះស្រាយជូនសមាគមកសិដ្ឋាន និងក្រុមចិញ្ចឹមសត្វ ហើយព្យាយាមផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគម និងសភាពាណិជ្ជកម្មខេត្តបាត់ដំបងអោយស្អិតរមួត។លោកបន្ថែមទៀតថា លោកនឹងបន្តសកម្មភាពនេះ ទៅតាមបណ្ដាក្រុង ស្រុកផ្សេងៗទៀត។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង