ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ ច “ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ ច “ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិក សមាជិកា ក្រុមការងារ នឹងសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុនដឹកជញ្ជូន តំណាងសមាគមភស្តុភារកម្មកម្ពុជា តំណាងសមាគមស្រូវអង្គរកម្ពុជា និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សា បន្តលើបញ្ហាដែលនៅសល់ ក៏ដូចជាប្រមូលបញ្ហាប្រឈមថ្មីៗទាក់ទងនឹងផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់សហប្រធានផ្នែករដ្ឋាភិបាលដែលជាដៃគូនាពេលខាងមុខ។
ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលទៅក្នុងការស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាល។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៣:៣០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com