BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កម្មវិធីបើកសម្ពោធទំនិញល្អរបស់ប្រទេសជប៉ុន២០២១

នារសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីបើកសម្ពោធទំនិញល្អរបស់ជប៉ុន ២០២១ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី ឯកឧត្តម មីកាមិ ម៉ាសាហ៊ិរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោកស្រី ម៉ារីសា ហារុតា (Marisa Haruta) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិកសហគ្រិនវ័យក្មេងនៅកម្ពុជា ធុរជនកម្ពុជា និងធុរជនជប៉ុន។ កម្មវិធីនេះ ត្រូវបានសហការរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា។ ក្នុងនោះ មានក្រុមហ៊ុនជប៉ុនចំនួន ២២ ចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួនរួមមានដូចជា៖ គ្រឿងសម្អាង ផលិតផលកុមារនិងទារក ផលិតផលផ្ទះបាយ និងផលិតផលផ្សេងទៀត។

ថ្លែងក្នុងឱកាសកម្មវិធីបើកសម្ពោធនេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលតែងតែសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នាជារៀងរាល់ឆ្នាំ និងរំពឹងថាពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យផ្សេងៗទៀត។ ឯកឧត្តមឧកញ៉ា ក៏បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និង លើកទឹកចិត្តឲ្យវិនិយោគិនជប៉ុនមកវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រោះ កម្ពុជាមានសេដ្ឋកិច្ចរឹងមាំ រីកច្រើនឆាប់រហ័សទោះបីក្នុងស្ថានភាពរងផលប៉ះពាល់ពីជំងឺកូវីដ ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវរំពឹងថាមានកំណើន ៤% ដែរ។ ឯកឧត្តមឧកញ៉ា សង្ឃឹមថា កម្មវិធីទំនិញល្អរបស់ប្រទេសជប៉ុន២០២១ នឹងជួយឲ្យទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើង។

Share: