នាព្រឹកថ្ងៃអង្គារ ១២ រោច ខែ មាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសភាពាណិជ្ជកម្ម កម្ពុជា មាន រៀបចំពិធីសំណេះសំណាល និងជូនពរឆ្នាំថ្មីជូនចំពោះ អ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា គោរពជូនដោយប្រធាន សភាពាណិជ្ជកម្ម ខេត្ត អនុប្រធាន សភាពាណិជ្ជកម្ម កម្ពុជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងបុគ្គលិកទាំង អស់។ ថ្លែងក្នុងឱកាសដ៏រីករាយនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា មានប្រសាន៍ថ្លែងអំណរគុណចំពោះការ ជូនពរ និងការជួបជុំប្រកបដោយអត្ថន័យ និងសូមប្រសិទ្ធពរជ័យឆ្នាំ ថ្មីជូនចំពោះប្រធាន សភាពាណិជ្ជកម្មខេត្ត អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ទាំងអស់សូមជួបតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។ ក្នុងឱកាសនៃការជួបជុំសំណោះសំណាលនេះអ្នកឧកញ៉ាប្រធានបានថ្លែងកោតសរសើរ ចំពោះការចូលរួមយ៉ាងសកម្មរបស់ សភាពាណិជ្ជកម្មខេត្តទាំងអស់ និងការបន្តកិច្ចសហប្រតិបត្តិយ៉ាង ជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ។ អ្នកឧកញ៉ាប្រធាន ក៏ បានជម្រាបជូនអំពីការពង្រីកវិសាលភាពនៃសកម្មភាពការងារ សភាពាណិជ្ជកម្មកម្ពុជា ដែលនឹងមានការិយាល័យតំណាងនៅ ក្រៅប្រទេសដើម្បីជំរុញធុរកិច្ច និងការវិនិយោគ និងទាក់ទាញ វិនិយោគិនមកកម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន បានជំរុញឲ្យសភាពាណិជ្ជកម្មខេត្តនីមួយៗ ចុះ អនុស្សារណៈ យោគយល់ជាមួយសមភាគីបរទេសដើម្បីជំរុញចលនាវិនិយោគ និងធុរកិច្ចក្នុងស្រុក ។ ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាប្រធាននឹងផ្តល់សិទ្ធិឲ្យសភាពាណិជ្ជកម្មខេត្ត នីមួយៗ ចុះអនុស្សារណៈយោគយល់នេះដោយក្នុងនោះលេខាធិការដ្ឋាន សភាពាណិជ្ជកម្មកម្ពុជានឹងជួយសម្របសម្រួលកិច្ចការ បច្ចេកទេស និងទំនាក់ទំនងជាមួយដៃគូបរទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីឲ្យកិច្ចការនេះប្រពឹត្តទៅបានដោយ ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
អ្នកឧកញ៉ាប្រធានមានប្រសាសន៍ណែនាំឲ្យលេខាធិការដ្ឋាន សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយសភាពាណិជ្ជកម្មខេត្ត ដើម្បីជំរុញការងារបារកូដដែលជាប្រភពចំណូលដ៏សំខាន់ សម្រាប់ជួយទ្រទ្រង់ដល់សភាពាណិជ្ជកម្មខេត្ត ។ គ្រប់ផលិតផល ត្រូវមានបារកូដហើយរោងចក្រ សហគ្រាស ត្រូវស្នើរសុំលេខ បារកូដពីសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ាប្រធានបានប្រកាស ប្រគល់ចំណូលបារកូដខេត្តឲ្យសភាពាណិជ្ជកម្មខេត្តនីមួយៗ និង ស្នើជំរុញការងារបារកូដឲ្យកាន់តែទូលំទូលាយ និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។ អ្នកឧកញ៉ាប្រធានក៏បានជម្រាបជូនអង្គពិធីអំពី សេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌ស្តីពីការបង្កើតគណៈកម្មការ រៀបចំដំណើរការតុលាការពាណិជ្ជកម្មដែលជាចំណុចដ៏ប្រសើរ ដែលវិស័យឯកជនតែងស្នើចង់បាន។ ក្រៅពីនេះសភាពាណិជ្ជកម្ម កម្ពុជាបាន និងកំពុងសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាព សនើធ្វើវិសោធនកម្មច្បាប់ស្តីពី សភាពាណិជ្ជកម្ម ដើម្បីឲ្ឲស្របតាមស្ថានភាពបច្ចុប្បន្ននៃដំណើរវិវត្តសេដ្ឋកិច្ចជាតិ និងសាកល។ បន្ទាប់ពីពិធីសំណេះសំណាល និងជូនពរឆ្នាំថ្មីបានបញ្ចប់អ្នកឧកញ៉ាប្រធាន និងសមាជិកអង្គពិធីទាំងមូលបាន អញ្ជើញចូលរួមទទួលទានអាហារថ្ងៃត្រង់រួមគ្នាក្នុងបរិយាកាសរីក រាយ ស្និទ្ធស្នាល សាមគ្គីភាព និង ភាតរភាព។