នារសៀលថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំសន្និបាតប្រចាំឆ្នាំលើកទី ១៦ និង កិច្ចប្រជុំលើកទី៨៩ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន តាមប្រព័ន្ធ វីដេអូ ក្នុងនាមជាប្រធានស្តីទី ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ពីគ្រប់ប្រទេសសមាជិកទាំងដប់។
អង្គសន្និបាត បានពិភាក្សានិងអនុម័តលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន វឌ្ឍនភាពគម្រោងជាកេរ្តិ៍ដំណែល (Legacy Projects) ការកំណត់ទិសដៅយុទ្ធសាស្ត្រ របាយការណ៍ឆ្នាំ២០២០ដែលវៀតណាមជាម្ចាស់ផ្ទះ និង បញ្ហាផ្សេងៗទៀត។