នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី “ ការត្រៀមទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សំាងការពារជម្ងឺកូវីដ-១៩ ឱ្យមកចូលទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ក្នុងកំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប ដឹកនំាកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង ប្រធានសហភាពសហព័ន្ធយុវជនខេត្តសៀមរាប និងប្រធានសមាគមសហគ្រិនវ័យក្មេង កម្ពុជាខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំ សេចក្តីសង្ឃឹម ជាជំហ៊ានល្អប្រសើរសម្រាប់ខេត្តសៀមរាប ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ ម្ចាស់សណ្ឋាគារ ឬប្រតិបត្តិករ វិស័យទេសចរណ៍ទំាងអស់ ដែលចង់ចាប់ផ្តើមដំណើរការប្រកបមុខរបរវិស័យទេសចរណ៍នេះឡើងវិញ អាចដាក់ពាក្យស្នើសុំទៅរដ្ឋបាលខេត្តសៀមរាប ដើម្បី រដ្ឋបាលសរុបទិន្នន័យ ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ រៀបចំទទួលភ្ញៀវទេសចរណ៍ឡើងវិញ នៅចុងឆ្នាំ២០២១នេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏នឹងធ្វើផែនការផ្តល់វ៉ាក់សាំងឲ្យបានដល់បងប្អូនប្រតិបត្តិករទេសចរណ៍ ដែលជាក្រុមគោលដៅបន្ទាប់ ក្នុងការផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ