ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០២:០០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនតាមប្រព័ន្ធវីដេអូហ្សូម “ZOOM” ក្រោមអធិបតីភាព ឧកញ៉ា វេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ ឋ ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ នៃផ្នែកឯកជន និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” ផ្នែកឯកជន និងវត្តមានសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងមន្ទីរពេទ្យ គ្លីនីក តំណាងសមាគម និង សមាជិក សមាជិកាក្រុមការងារជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសុខាភិបាលផ្នែកឯកជន ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម សំណើសំណូមនានា ពីផ្នែកឯកជន និងធ្វើការស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាលនាពេលខាងមុខ។
ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលទៅក្នុងការស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាល។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ្សូម “Zoom” នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 099984989