BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

វេទិកាធុរកិច្ច អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ៖ នារសៀលថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម វេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ វេទិកាធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា អ្នកតំណាងពីស្ថាប័នរដ្ឋាភិបាល និង ធុរជននៃប្រទេសទាំងពីរ ជួបគ្នាពិភាក្សាអំពីសក្តានុពលប្រទេសទាំងពីរ ស្វែងរកកាលានុវត្តភាពវិនិយោគ និង ពង្រឹងទំនាក់ទំនងធុរកិច្ចឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងឱកាសនៃវេទិកាធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យឯកជន ដែលជាកាតាលីករក្នុងការជម្រុញសេដ្ឋកិច្ចអោយមានកំណើនខ្ពស់។ ជាមួយគ្នានេះ អ្នកឧកញ៉ា ប្រធាន បានលើកយកនូវវិស័យអាទិភាពសំខាន់ៗ ដើម្បីជំរុញឱ្យធុរជន និងវិនិយោគិនអាស៊ែបៃហ្សង់ ចូលមកបណ្តាក់ទុននៅកម្ពុជារួមមាន ១) ការបង្កើតមជ្ឈមណ្ឌលកែច្នៃកសិផលនិងនាំទៅកាន់ទីផ្សារអាស៊ីកណ្តាល និងអឺរ៉ុប ២) កិច្ចសហប្រតិបត្តិការវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៣) តំបន់សេដ្ឋកិច្ចពិសេស និង ៤) វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ បន្ថែមពីនេះទៅទៀតដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ អ្នកឧកញ៉ា ប្រធាន ក៏បានស្នើ រដ្ឋាភិបាលអាស៊ែបៃហ្សង់បើកស្ថានទូតពេញលេញនៅរាជធានីភ្នំពេញ និងបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ជាកិច្ចបញ្ចប់ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួល និងគាំទ្រដល់ធុរជនអាស៊ែបៃហ្សង់ ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។
ក្នុងអំឡុងពេលនៃវេទិកាធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មសាធារណរដ្ឋអាស៊ែបៃហ្សង់ ដើម្បីរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និង អាស៊ែបៃហ្សង់។ អនុស្សរណៈយោគយល់នេះ កំណត់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការស្ថាប័នទាំងពីរ ក្នុងរៀបចំព្រឹត្តិការណ៍ ធុរកិច្ចរួមគ្នា ការផ្លាស់ប្តូរព័ត៌មាន និងការជួយគាំទ្រដល់ធុរជនទាំងពីរប្រទេស។
វេទិកាធុរកិច្ច បញ្ចប់ទៅដោយមានការរៀបចំជាជំនួបពាណិជ្ជកម្ម ហើយធុរជនប្រទេសទាំងពីរ ជួបប្រាស្រ័យទាក់ទងគ្នា និងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការ។ វេទិកាធុរកិច្ចនេះ ជួយជំរុញស្មារតីកិច្ចសហប្រតិបត្តិការ និង កសាងមូលដ្ឋានសម្រាប់ទំនាក់ទំនងធុរកិច្ចដ៏រឹងមាំរវាងកម្ពុជានិងអាស៊ែបៃហ្សង់។

​​​​​​​

Share: