មែលប៊ន៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក វឿង ប្រយុទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចនៅក្រុមហ៊ុន LUUS COMMERCIAL CATERING EQUIPMENT ដែលជាក្រុមហ៊ុនអូស្ត្រាលីមានឯកទេសក្នុងការរចនា និងផលិត ឧបករណ៍ និងគ្រឿងបរិក្ខារផ្ទះបាយពាណិជ្ជកម្ម សម្រាប់វិស័យភោជនីយដ្ឋាន សណ្ឋាគារ និងបដិសណ្ឋារកិច្ច។
LUUS COMMERCIAL CATERING EQUIPMENT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1998 និងមានមូលដ្ឋានផលិតកម្មនៅទីក្រុងមែលប៊ន។ ក្រុមហ៊ុននេះផ្តោតលើការផលិតឧបករណ៍ និងគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងភាពធន់ ស្របតាមតម្រូវការរបស់ផ្ទះបាយពាណិជ្ជកម្មទំនើប រួមមាន ឧបករណ៍ចម្អិនអាហារប្រើហ្គាស ឧបករណ៍ចម្អិនអាហារបែបអាស៊ី ម៉ាស៊ីនចៀន ឧបករណ៍ដុត ឧបករណ៍ចម្អិនម្ហូប និងចង្ក្រានពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ក្នុងផ្ទះបាយដែលមានតម្រូវការខ្ពស់។
លោក វឿង ប្រយុទ្ធ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្តល់ប្រព័ន្ធសម្ភារៈផ្ទះបាយប្រើប្រាស់បានយូរ មានប្រសិទ្ធភាព និងគុណភាពខ្ពស់ ខណៈដែលឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈរបស់កម្ពុជា កំពុងបន្តពង្រីកខ្លួន រួមជាមួយនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍ។ សម្ភារៈផ្ទះបាយទំនើប និងមានប្រសិទ្ធភាពខ្ពស់ គឺមានសារៈសំខាន់ណាស់ក្នុងការកែលម្អគុណភាពសេវាកម្ម សុវត្ថិភាពចំណីអាហារ និងប្រសិទ្ធភាពប្រតិបត្តិការនៅទូទាំងវិស័យទាំងនេះ។
លោកក៏បានបន្ថែមថា ការសិក្សា និងស្វែងយល់ពីក្រុមហ៊ុនបែបនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការស្វែងយល់អំពី បច្ចេកវិទ្យា ការច្នៃប្រឌិត ស្តង់ដារផលិតកម្ម និងដំណោះស្រាយសម្រាប់វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ព្រមទាំងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់អាជីវកម្មរវាងកម្ពុជា និងអូស្ត្រាលី។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង





BECOME A MEMBER
