BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Inter-ministerial meeting to review and discuss the draft progress report for the first half of 2026 of the Government-Private Sector Forum mechanism​ (G-PSF)

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, មានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាង របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ.ស.រ.ជ​ និង ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ.ស.ឯ.រ.ជ។  
កិច្ចពិភាក្សានេះក៏មានការចូលរួមផងដែរពីសំណាក់ក្រុមលេខាធិការដ្ឋានក្រុមការងារតំណាងក្រសួង ស្ថាប័នដែលជាដែគូសន្ទនាជាមួយនឹងវិស័យឯកជន, ក្រុមលេខាធិការដ្ឋាននៃក្រុមការងារផ្នែកឯកជន, តំណាង CAPRED និងមន្ត្រីពាក់ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ 
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងដើម្បី៖
១. ពិ​និត្យ ពិភាក្សាគ្នាទៅលើព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ/G-PSF) ឱ្យបានលម្អិតមុននឹងឈានទៅដល់កិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចនា ពេលឆាប់ៗខាងមុខ 
២. ពិនិត្យ ពិភាក្សាគ្នាលើសេចក្តីព្រាងលើនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) និងថ្នាលសម្រាប់គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (MIS) សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
៣. ការត្រៀមខ្លួនសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ/G-PSF) លើកទី២០ ដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
សូមជម្រាបជូនថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ កំពុងឈានទៅសម្រេចពេញលេញ១០០% ដោយវិធានការសម្រេចពេញលេញបានកើនដល់ ១៧៣ វិធានការ ស្មើនឹង ប្រមាណ ៩៦,៦% នៃវិធានការសរុប ខណៈវិធានការកំពុងត្រូវបានអនុវត្តទាំង៦ ស្មើនឹងប្រមាណ ៣,៤% នៃវិធានការសរុប សម្រេចបានវឌ្ឍនភាពសំខាន់ៗ ដែលស្ថិតក្នុងបង្គោលចរទី២ (៤ វិធានការ) និងទី៣ (២ វិធានការ)។
សម្រាប់ការដោះស្រាយបញ្ហានៅក្រុមការងារតាមវិស័យក្រោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ/G-PSF) លើកទី១៩ វិញ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានសង្កេតឃើញថាមានភាពល្អប្រសើរ ដោយក្នុងនោះបញ្ហាថ្មីដែល បានលើកឡើងមានចំនួន ៤២ ហើយបញ្ហាដែលនៅសេសសល់មានចំនួន ២២ កំពុងត្រូវបានដោះស្រាយ សំដៅឈានទៅសម្រេចបានដំណោះស្រាយជូនផ្នែកឯកជន។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:៣០ នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

​​​​​​​

Share: