ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅសណ្ឋារគារ សុខាភ្នំពេញ មានរៀបចំកិច្ចប្រជុំក្រុមការងារ "គ" "ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានទាំងពីរគឺ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុមការងារ "គ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា សហប្រធានក្រុមការងារ "គ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មកពីបណ្តាខេត្តទាំង២៥ ដែលឋិតក្រោមចំណុះក្រសួងសាម៊ី ដែលជាសមាជិកនៃក្រុមការងារ, អនុសហប្រធានក្រុមការងារ "គ" តំណាងផ្នែកឯកជន, តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ តំណាងសមាគម និងក្រុមហ៊ុនឯកជនក្នុងវិស័យនេះជាច្រើនទៀតផងដែរ។
ជាកិច្ចចាប់ផ្តើមមតិស្វាគមន៍និងធ្វើសេចក្តីរាយការណ៍ របស់ ឧកញ៉ាសហប្រធាន បានលើកបន្ថែមលើបញ្ហាប្រឈមទាំង ១៣ នេះ ដើម្បីឱ្យយន្តការនៃការប្រមូលផ្តុំបញ្ហា និងការដោះស្រាយមានភាពច្បាស់លាស់ មានប្រសិទ្ធភាព និងភាពជឿជាក់បាន ខ្ញុំបាទសូមអនុញ្ញាតលើកឡើងនូវ សំណើគន្លឹះ បន្ថែមចំនួន ២ ដូចខាងក្រោម៖
ក. ការកំណត់ប្រព័ន្ធ «ច្រកចេញចូលតែមួយ»៖ ខ្ញុំបាទស្នើសុំរាល់បញ្ហាប្រឈម និងសំណើទាំងអស់របស់វិស័យឯកជន (មិនថាមកពីសមាគមជាតិ ឬអន្តរជាតិឡើយ) សូមមេត្តាផ្ញើមកកាន់ ក្រុមការងារ "គ" ផ្នែកឯកជន ដែលមាន សភាពាណិជ្ជកម្មកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលជា «ច្រកចេញចូលតែមួយ» ដើម្បីប្រមូលផ្តុំ ចងក្រង និងយកមកពិភាក្សាដោះស្រាយផ្លូវការក្រោមយន្តការក្រុមការងារ "គ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ។
ខ. ការតាមដាន និងការផ្សព្វផ្សាយ៖ ការពង្រឹងកិច្ចសហការ និងតាមដានដំណោះស្រាយ៖ ស្នើសុំបង្កើតក្រុមការងារបច្ចេកទេសចម្រុះតូចៗ (ឬកំណត់កាលបរិច្ឆេទប្រជុំតាមដានទៀងទាត់) ដើម្បីតាមដានវឌ្ឍនភាពនៃការដោះស្រាយបញ្ហាទាំង ១៣ ឬបញ្ហាបន្ទាន់ណាមួយឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលឆាប់រហ័ស។
គ. ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា៖ ស្នើសុំកិច្ចសហការរៀបចំវគ្គតម្រង់ទិស ឬសិក្ខាសាលាផ្សព្វផ្សាយរួមគ្នារវាងក្រសួង និងសភាពាណិជ្ជកម្មកម្ពុជា អំពីបទប្បញ្ញត្តិ ច្បាប់ និងនីតិវិធីថ្មីៗ ដើម្បីឱ្យសហគ្រាស (SMEs) យល់ដឹងកាន់តែច្បាស់ និងជៀសវាងការប្រព្រឹត្តខុសដោយអចេតនា។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនជាវិនិយោគិន អ្នកធុរកិច្ចក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជន ចំនួន ១៣ បញ្ហាដែលរួមមាន៖
១. ការនាំចូលអំបិលពីបរទេសយកមកកែច្នៃវិចខ្ចប់ក្នុងស្រុក
២. នីតិវិធីក្នុងការផាកពិន័យ ចំពោះការគ្រប់គ្រងកាកសំណល់ និងអនាម័យសហគ្រាស SMEs
៣. បញ្ហាការស្នើសុំអាជ្ញាបណ្ណសម្រាប់សគ្រាសកែច្នៃផលិតផល ធុនតូច និងម្យម (SMEs) ពីក្រសួងពាក់ព័ន្ធត្រួតគ្នា
៤. បញ្ហានីតិវិធីក្នុងការស្នើសុំកម្ចីពីធនាគារ SMEs Bank
៥. បញ្ហានៃការស្នើសុំការអនុគ្រោះពន្ធ VAT សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ក្នុងការបញ្ជាទិញទំនិញពីសហគ្រាសក្នុងស្រុក
៦. បញ្ហាកង្វះខាតប្រភពទុនសម្រាប់កសិករក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី
៧. បញ្ហាការស្នើសុំ QIP សម្រាប់វិនិយោគិន ក្នុងទំហំវិនិយោគលើសពី ៥លានដុល្លា
៨. បញ្ហានៃការទំនាក់ទំនងតាមប្រព័ន្ធ Hotline 1266 របស់ក្រសួងពាណិជ្ជកម្ម
៩.តម្លៃអគ្គិសនីខ្ពស់បើធៀបនឹងប្រទេសជិតខាង
១០. ការពង្រីកសមត្ថភាពរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង MSMEs
១១. ផ្នែកធនធានមនុស្ស និងកម្លាំងពលកម្មជំនាញ
១២. បទដ្ឋានស្តង់ដារផលិតផល និងការសម្របសម្រួលរវាងស្ថាប័ន
១៣. ការប្រើប្រាស់ឌីជីថល និងការប្រកួតប្រជែងមិនស្មើភាពគ្នា
ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស និងឈានដល់ការសម្រេចទទួលយកលទ្ធផលជារួម សម្រាប់រាល់សំណើដែលបានលើកឡើង នូវអ្វីដែលផ្នែកឯកជនសំណូមពរចង់បាន។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។









BECOME A MEMBER
