តូក្យូ ប្រទេសជប៉ុន៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក Norihiko ISHIGURO ដែលជាប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីស្នាក់ការកណ្តាលរបស់ JETRO នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងកិច្ចប្រជុំនេះដ៏មានសារៈសំខាន់នេះ ភាគីកម្ពុជា និងភាគីជប៉ុនបានពិភាក្សាយ៉ាងស៊ីជម្រៅលើចំណុចសំខាន់ៗជាច្រើនដូចជាការបង្កើតក្រុម ការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ឆ្លៀតក្នុងកិច្ចពិភាក្សានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យភាគីជប៉ុនចាប់ផ្តើមឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសជប៉ុន និងកម្ពុជា ដើម្បីចូលរួមជុំវិញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។ ជាចុងក្រោយ ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងមុតមាំ ក្នុងការប្តេជ្ញាពង្រឹងសកម្មភាពការងាររួមគ្នាឱ្យកាន់តែសកម្ម ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬកង្វល់នានារបស់វិនិយោគិនជប៉ុន ផ្អែកលើការផ្តល់អនុសាសន៍ណែនាំ និងកញ្ចប់ដំណោះស្រាយប្រកបដោយយន្តការយុទ្ធសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា។






BECOME A MEMBER
