កិច្ចសន្ទនាធុរកិច្ច វៀតណាម-កម្ពុជា ឆ្នាំ២០២៦
(រាជធានីភ្នំពេញ) នារសៀលថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុង «កិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» ដែលសហការរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម។ កិច្ចសន្ទនាធុរកិច្ចនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសវៀតណាមប្រចាំកម្ពុជា, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចកម្ពុជា-វៀតណាម, សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងធុរជននៃប្រទេសទាំងពីរជាច្រើន។
កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ នៃប្រទេសវៀតណាម និងកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទនេះ អ្នកឧកញ៉ាប្រធានបានលើកឡើងថា សន្និសីទនាថ្ងៃនេះគឺជាចំណុចរបត់មួយ ដែលមិនមែនគ្រាន់តែជាការចាប់ដៃគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការពង្រឹងចំណងសេដ្ឋកិច្ច ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងការស្វែងរកច្រកចូលទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា និងវៀតណាម។ អ្នកឧកញ៉ាប្រធានបានបន្ថែមទៀតថា បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មចម្បងរបស់កម្ពុជាក្នុងអាស៊ាន និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជានៅលើពិភពលោក ដែលទំហំពាណិជ្ជកម្មទ្វេភាគីមានរហូតដល់ ១១,៣៣ ប៊ីលានដុល្លារ ស្តែងឱ្យឃើញពីភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់សមាហរណកម្ម បើទោះបីជាមានបញ្ហាប្រឈមសេដ្ឋកិច្ចសកលក៏ដោយ។
មុននឹងបញ្ចប់ អ្នកឧកញ៉ាប្រធាន បានលើកសំណូមពរដល់ រដ្ឋាភិបាលប្រទេសទាំងពីរ សូមបើកច្រកព្រំដែនទាំងអស់ទៅជាច្រកព្រំដែនអន្តរជាតិ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង ការឆ្លងកាត់របស់ប្រជាជន និង សំណូមពរសម្រួលនីតិវិធីឆ្លងកាត់ព្រំដែន ដើម្បីកំណើនសេដ្ឋកិច្ច។






















BECOME A MEMBER
