BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

"The Director General of the Cambodia Chamber of Commerce meets for a discussion with E-School Cambodia."

អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន អុីស្គូលខេមបូឌា (E-School Cambodia)

នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឈន ឈុនឡេង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អុីស្គូលខេមបូឌា (E-School Cambodia) ព្រមទាំងសហការី។ ក្នុងឱកាសនោះ លោក ឈន ឈុនឡេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧកញ៉ាអគ្គនាយក ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបពិភាក្សា ព្រមទាំងបានជម្រាបជូនអំពីប្រវត្តិ និងចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍន៍គុណភាពអប់រំនៅកម្ពុជា តាមរយៈប្រព័ន្ធសិក្សាតាមអនឡាញ (Digital Education)។ លើសពីនេះ លោកអគ្គនាយកក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីទិសដៅថ្មីរបស់ E-School Cambodia ក្នុងនាមជាសមាជិកសភាពាណិជ្ជកម្ម ក្នុងការជំរុញការសិក្សានៅប្រទេសអូស្ត្រាលី និងបានស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្ម ដើម្បីជួយផ្សព្វផ្សាយដល់បណ្តាសមាជិក-សមាជិកា ដែលមានបំណងបញ្ជូនបុត្រធីតាទៅសិក្សានៅបរទេស។

ជាការឆ្លើយតប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមហ៊ុន អុីស្គូលខេមបូឌា (E-School Cambodia) ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វិស័យអប់រំ ជាពិសេសការផ្តល់ឱកាសឱ្យសិស្សានុសិស្សនៅទូទាំងប្រទេស អាចទទួលបានការសិក្សាតាមប្រព័ន្ធអនឡាញប្រកបដោយភាពងាយស្រួល។ ទន្ទឹមនឹងនេះ ឯកឧត្តមឧកញ៉ា បានបង្ហាញការគាំទ្រ ចំពោះគម្រោងជំរុញការសិក្សាទាំងក្នុង និងក្រៅប្រទេស ដោយក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជានឹងសហការជាមួយក្រុមហ៊ុន ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងផ្តល់ព័ត៌មានលម្អិត និងច្បាស់លាស់ដល់សមាជិក-សមាជិកាទាំងអស់ ដែលមានបំណងបញ្ជូនបុត្រធីតាទៅសិក្សានៅប្រទេសអូស្ត្រាលី ឱ្យទទួលបាននូវជម្រើសដ៏ល្អ សម្រាប់ការសម្រេចចិត្ត។

Share: