BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion Meeting between the Cambodia Chamber of Commerce and the Ambassador of the Republic of Rwanda to the Kingdom of Cambodia.

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម បាគូរ៉ាមុតសា នគូប៊ីតូ ម៉ានហ្ស៊ី (Bakuramutsa NKUBITO MANZI)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចការងារផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងសាធារណរដ្ឋរវ៉ាន់ដា និងព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ អ្នកឧកញ៉ា លឹម ហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសម្រាប់ជំនួបនេះ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តមតំណាងឱ្យឱកាសដ៏សំខាន់មួយ ដើម្បីតភ្ជាប់គម្លាតសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា បានជម្រាបជូនអំពីតួនាទីយ៉ាងសំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងវិស័យឯកជន និងជាដៃគូសន្ទនាដ៏ជិតស្និទ្ធរបស់រាជរដ្ឋាភិបាល។ សភាពាណិជ្ជកម្មកម្ពុជា តែងតែសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចជាច្រើនលើកច្រើនសារ ទាំងក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតកាលានុវត្តភាពធុរកិច្ចសម្រាប់កម្ពុជាលើឆាកអន្តរជាតិ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការភ្ញាក់ផ្អើល និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងរហ័សរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាលើកទីពីរហើយដែលឯកឧត្តមបានមកដល់កម្ពុជា ហើយឯកឧត្តមបានសង្កេតឃើញនូវការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកសំណង់ អគារខ្ពស់ៗ និងសេដ្ឋកិច្ច ជាពិសេសគឺសមិទ្ធផលនៃព្រលានយន្តហោះថ្មីដែលជាសញ្ញាណនៃភាពទំនើបកម្ម។ សម្រាប់ការងារបន្ត ឯកឧត្តមមានបំណងផ្តោតការយកចិត្តទុកដាក់លើវិស័យឌីជីថលូបនីយកម្ម (Digitalization), បច្ចេកវិទ្យាព័ត៌មាន (ICT) និងវិស័យកសិកម្មនៅកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញសភាពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសរវ៉ាន់ដា នាខែមិថុនា ខាងមុខ ហើយឯកឧត្តមក៏គ្រោងនឹងដឹកនាំប្រតិភូធុរកិច្ចពីរវ៉ាន់ដាមកកាន់កម្ពុជា នាខែវិច្ឆិកា ក្នុងឱកាសនៃព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី (Francophone) ដើម្បីបន្តពង្រីកបណ្ដាញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត។ ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ជាកិច្ចបញ្ចប់ អ្នកឧកញ៉ា លឹម ហេង បានសម្តែងនូវការគាំទ្រ និងរីករាយក្នុងការសហការ ដើម្បីធ្វើឱ្យផែនការសកម្មភាពទាំងនេះលេចចេញជាផ្លែផ្កា សំដៅជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

Share: