BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

2nd Meeting of the committee of the Skills for Future Economy Sector Development Program - SFESDP

កិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy Sector Development Program-SFESDP) ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត

2nd Meeting of the committee of the Skills for Future Economy Sector Development Program - SFESDP

-----

នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទីរសៀល នៅបន្ទប់ប្រជុំលេខ ៣ ជាន់ទី៦ នៃទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មាធិការដឹកនាំរៀបចំសម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចពេលអនាគត អមដោយប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ នៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរៀបចំសម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចពេលអនាគត (Skills for Future Economy Sector Development Program - SFESDP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការដឹកនាំរៀបចំសម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចពេលអនាគត ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការដឹកនាំរៀបចំសម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចពេលអនាគត និងអង្គភាពគ្រប់គ្រងគម្រោងជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីសមាជិក ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជនពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក និងវាយតម្លៃពីដំណើរការអនុវត្ត ក៏ដូចជា ការផ្តល់យោបល់បន្ថែម ឱ្យស្របតាមសូចនាករទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) បច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) ជំនាញការសរសេរកូដភ្ជាប់បណ្តាញកុំព្យូទ័រ (IT Networks/Programming) នៅគ្រឹះស្ថានបណ្តុះបណ្តាល ចំនួន ៨។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថែ្លងអំណរគុណចំពោះកិច្ចខិតខំអនុវត្តការងាររបស់សមាជិកគណៈកម្មការ ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដ៏ល្អប្រសើរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ជំនាញទាំងនេះ ក៏នឹងជួយទៅដល់ការអភិវឌ្ឍជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) ដែលជាមហិច្ឆតានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាខឿនឧហ្សាហកម្មផងដែរ។ តាមរយៈគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាល ដល់យុវជន និងកម្មករនិយោជិត ប្រមាណជាង ៣ម៉ឺននាក់ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយទៅជាឆ្អឹងខ្នងមួយ ដែលបំពេញនូវការខ្វះខាតជំនាញជាន់ខ្ពស់ពាក់ព័ន្ធជំនាញទាំងបីនេះ។ ជារួម គម្រោងនេះសម្រេចបាននូវសមិទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ សមាជិកគណៈកម្មការ តំណាងវិស័យឯកជន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានចែករំលែកពីបទពិសោធអនុវត្តល្អៗ ក៏ដូចជាបានលើកឡើងនូវសំណូមពរពាក់ព័ន្ធសំខាន់ៗផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញគ្រឹះស្ថានបណ្តុះបណ្តាលទាំង៨ ឱ្យព្យាយាមអស់លទ្ធភាពស្វះស្វែងរកកិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយវិស័យឯកជននៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញទាំងបីនេះ។ កិច្ចសហការ ដែលភ្ជាប់ទៅនឹងការបណ្តុះបណ្តាលនៅកន្លែងការងារ (Work Base Learning)នេះ នឹងជួយផ្តល់ឱកាសដ៏មានតម្លៃដល់សិស្សចុះធ្វើកម្មសិក្សា ឬអនុវត្តការងារជាក់ស្តែង ហើយនៅពេលបញ្ចប់ការសិក្សា សិស្សមិនមែនចេះតែទ្រឹស្តីនោះទេ។ លើសពីនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយពីគម្រោងបន្ថែមទៀត ជាពិសេស គឺដើម្បីទាក់ទាញសិស្សនារីឱ្យចុះឈ្មោះចូលរៀន។

គួរបញ្ជាក់ថា គម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីចុង ឆ្នាំ២០២៣ រហូតដល់ចុង ឆ្នាំ២០៣០ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០ នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

#MLVT #HENGSour

Share: