កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting group "D" "Law Tax and Governance" of the Government-Private Sector Forum.
———
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន, តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមឧស្សាហកម្មយាន្តយន្តនៅកម្ពុជា, តំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា, តំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសល់ លើកឡើងនូវបញ្ហាប្រឈមថ្មី ក៏ដូចជាបិទបញ្ចប់បញ្ហាមួយចំនួនរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖
បញ្ហាប្រឈមថ្មី៖ ១. បញ្ហាទាក់ទងនឹងប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក របស់ក្រសួងពាណិជ្ជកម្មស្តីពី ការធ្វើសាមញ្ញាកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម
បញ្ហាប្រឈមចាស់៖ ១.ការលក់នៅខាងក្រៅព្រំដែន , ២. ពន្ធលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម , ៣. បញ្ហានៃការបង់ពន្ធលើតម្លៃបន្ថែម, ៤. ការចេញពន្ធរបស់អ្នកចែកចាយលើពន្ធ ១% លើប្រាក់ចំណូល, ៥. បញ្ហានៃការបង្កើតស្ថាប័នមួយសម្រាប់ទទួលខុសត្រូវលើការដោះស្រាយវិវាទបំណុលដែលមានទ្រព្យធានា រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:០០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc















BECOME A MEMBER
