ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតនៃសាធារណរដ្ឋគុយបា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧកញ៉ាអគ្គនាយក ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួបពិភាក្សាការងារ។ លោកជំទាវបានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យស្របទៅនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសគុយបា និងកម្ពុជា។ ក្នុងន័យនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតបានស្នើអោយសភាពាណិជ្ជកម្មកម្ពុជាបន្ដទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មគុយបាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការនានាដែលអាចនាំមកនូវការរីកចម្រើនពាណិជ្ជកម្មក្នុងវិស័យផ្សេងៗដូចជា វិស័យសុខាភិបាល អប់រំ និង កសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឱកាសនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានអញ្ជើញសភាពាណិជ្ជកម្មកម្ពុជារៀបចំបេសកម្មធុរកិច្ចដឹកនាំធុរជនកម្ពុជាទៅកាន់ប្រទេសគុយបាដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែបនៅគុយបា។
ជាកិច្ចឆ្លើយតប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការទូតដ៏សកម្មរបស់លោកជំទាវ។ ឯកឧត្តមឧកញ៉ា បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនិងជំរុញឱ្យមានការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសការពិនិត្យលទ្ធភាពរៀបចំដំណើរធុរកិច្ចទៅកាន់ប្រទេសគុយបានាពេលសមស្របខាងមុខ និងបន្ដទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មគុយបា។









BECOME A MEMBER
