BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

A consultative meeting between the Cambodia Chamber of Commerce and the Embassy of the Arab Republic of Egypt.

អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាជាមួយ គណៈប្រតិភូធុរកិច្ចឌូបៃ

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង ជំរុញពាណិជ្ជកម្មនិងវិនិយោគ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក សាឡឹម អាល់ ហ្សាមស៊ី (Salem Al Shamsi) អនុប្រធានសភាពាណិជ្ជកម្មឌូបៃ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូធុរកិច្ចឌូបៃមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជំនួបនេះបានផ្តោតសំខាន់លើការរឹតចំណងមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ សំដៅជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម (UAE) ព្រមទាំងការបង្កើតយន្តការជាក់លាក់ ដើម្បីអនុវត្តគម្រោងសក្តានុពលនានាឱ្យមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ចឌូបៃ និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទាំងលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។

អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា ភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ ត្រូវបានកសាងឡើងយ៉ាងរឹងមាំតាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ ដូចជា៖ វេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម នៅទីក្រុងអាប៊ូដាប៊ី ក្នុងឆ្នាំ២០២២ វេទិកាធុរកិច្ចលើកទី២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣ និងនៅឆ្នាំ២០២៥ នេះ សភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំវេទិកាធុរកិច្ចជាមួយសភាពាណិជ្ជកម្មឌូបៃ ស្តីពី "ការធ្វើធុរកិច្ចនៅកម្ពុជា" ផងដែរ។

អ្នកឧកញ៉ាប្រធាន បានចាត់ទុកកិច្ចពិភាក្សានេះថាជាការបើកច្រក និងពង្រីកឱកាសសម្រាប់ធុរជននៃប្រទេសទាំងពីរក្នុងការជជែកអំពីគម្រោងសក្តានុពល។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួលដល់ធុរជនឌូបៃដែលមានបំណងមកវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន ក៏បានស្នើឱ្យសភាពាណិជ្ជកម្មឌូបៃ ជួយលើកទឹកចិត្តធុរជនរបស់ខ្លួនឱ្យបង្កើនការផ្សារភ្ជាប់ទំនាក់ទំនង និងពិនិត្យលទ្ធភាពសហការជាមួយធុរជនកម្ពុជាលើវិស័យសំខាន់ៗដូចជា៖ ទេសចរណ៍ កសិកម្ម ថាមពល បច្ចេកវិទ្យា និងវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោក សាឡឹម អាល់ ហ្សាមស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារ។ លោកបានជម្រាបជូនថា សភាពាណិជ្ជកម្មឌូបៃ គឺជាស្ថាប័នដ៏ធំមួយដែលមានសមាជិកជាង ២០ម៉ឺនក្រុមហ៊ុន ហើយសមាជិកទាំងនោះកំពុងស្វែងរកកាលានុវត្តភាពនៅបរទេស និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ គឺដើម្បីស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនកម្ពុជា ដោយលោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា។

លោក បានបង្ហាញក្តីរីករាយចំពោះកិច្ចសហការរៀបចំវេទិកាធុរកិច្ចនៅរាជធានីភ្នំពេញ និង អញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូធុរកិច្ចទៅទស្សនកិច្ចនៅទីក្រុងឌូបៃក្នុងពេលវេលាសមស្របណាមួយ។ លោកបានបញ្ជាក់បន្ថែមថា ទីក្រុងឌូបៃគឺជាច្រកទ្វារដ៏សំខាន់ទៅកាន់អេមីរ៉ាត់អារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ា ដោយបច្ចុប្បន្នសភាពាណិជ្ជកម្មឌូបៃមានការិយាល័យតំណាងចំនួន ១៤ នៅទ្វីបអាស៊ី ដែលដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគជាសកល។

អំពីសភាពាណិជ្ជកម្មកម្ពុជា៖ សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដើម្បីតំណាងឲ្យផលប្រយោជន៍របស់វិស័យឯកជន នៅក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងកសិកម្មទូទាំងប្រទេសកម្ពុជា។

អំពីសភាពាណិជ្ជកម្មឌូបៃ៖ សភាពាណិជ្ជកម្មឌូបៃ គឺជាស្ថាប័នសាធារណៈមិនស្វែងរកប្រាក់ចំណេញ ដែលតំណាង គាំទ្រ និងជំរុញផលប្រយោជន៍របស់សហគមន៍ធុរកិច្ច។ សភាពាណិជ្ជកម្មនេះ ប្តេជ្ញាធានានូវបរិយាកាសធុរកិច្ចអំណោយផលសម្រាប់ក្រុមហ៊ុន រីកចម្រើន និងពង្រឹងជំហររបស់ឌូបៃជាមជ្ឈមណ្ឌលសកលឈានមុខគេសម្រាប់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

​​​​​​​

Share: