(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង លោកជំទាវ ឧកញ៉ា កែវ មុំ សមាជិកសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥)
តាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា សូមចងចាំជានិច្ចមិនអាចភ្លេចបាននូវស្នាព្រះហស្ត និងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្ដុង្គឧត្ដម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីជាតិ ប្រជារាស្រ្ត និងបូរណភាពទឹកដី និងចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។









BECOME A MEMBER
