BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Oknha Kith Meng meets with the Chinese Chamber of Commerce and Industry in Malaysia to promote further trade and investment between the two countries.

អ្នកឧកញ៉ា គិត ម៉េង ជួបជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡាស៊ី ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគបន្ថែមរវាងប្រទេសទាំងពីរ

ទីក្រុងគូឡាឡាំពួ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាជួបប្រជុំជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡាស៊ី ដឹកនាំដោយ ដាទុក អឹង យី ភីង (Datuk Ng Yih Pyng) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡាស៊ី (ACCCIM) នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលអ្នកឧកញ៉ា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថាជំនួបនាពេលនេះគឺមានគោលដៅរួមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡេស៊ី ជាមួយនិងសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ាប្រធានបានលើកឡើងអំពីកាលានុវត្តភាពដ៏សម្បូរបែបនៅកម្ពុជាដែលវិនិយោគិនម៉ាឡេស៊ីអាចសិក្សាស្វែងយល់ និងបណ្ដាក់ទុនវិនិយោគ រួមមាននៅក្នុងវិស័យនវានុវត្តន៍ ឌីជីថល និងការអភិវឌ្ឍន៍ជំនាញពលកម្មជាដើម។ ជាមួយគ្នានេះដែលអ្នកឧកញ៉ាប្រធានក៏បានបង្ហាញអំពីវិស័យមួយចំនួនដែលមានសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងវិស័យម្ហូបអាហារ។ អ្នកឧកញ៉ាប្រធានបានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡាស៊ីដើម្បីរៀបចំបេសកម្មធុរកិច្ចមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើជំនួបពាណិជ្ជកម្មជាមួយនឹងធុរជនកម្ពុជា និងស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច និង វិនិយោគ។

ដាទុក អឹង យី ភីង ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡាស៊ី (ACCCIM) បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជាដែលបានអញ្ជើញចូលរួមកិច្ចប្រជុំមួយនេះ ហើយ ដាទុក អឹង យី ភីងបានលើកឡើងបន្ថែមទៀតអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡាស៊ី និងសភាពាណិជ្ជកម្មកម្ពុជា។ ដាទុក អឹង យី ភីងមានប្រសាសន៍ថាធុរជនម៉ាឡេស៊ីពិតជាមានចំណាប់អារម្មណ៍លើការវិនិយោគ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា អង្ករ សំណង់ និងសហគ្រាសតូច និងមធ្យមរបស់កម្ពុជា។ ដាទុក អឹង យី ភីង ក៏បានបន្ថែមផងដែរថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡាស៊ី នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជាតាមរយៈការរៀបចំបេសកកម្មធុរកិច្ចមកកាន់កម្ពុជានាពេលអនាគត និងធ្វើជំនួបពាណិជ្ជកម្មជាមួយនឹងធុរជនកម្ពុជាជំរុញពាណិជ្ជកម្ម និងការវិនិយោគបន្ថែមរវាងប្រទេសទាំងពីរ។

​​​​​​​

Share: