សិក្ខាសាលាក្រោមប្រធានបទ ៖
យើងគាំទ្រផលិតផលជាតិ និង ការត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ
...................................................................
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលា "យើងគាំទ្រផលិតផលជាតិ" ឬ Khmer First: Supporting Local Products 884 ក្រោមប្រធានបទ "ការត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ" ក្នុងគោលបំណងពង្រីកវិសាលភាពសហគ្រិនភាពកម្ពុជា ដោយបង្ហាញពីដំណើរការ និងលក្ខខណ្ឌតម្រូវ ក្នុងការបញ្ជូលផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចទៅក្នុងផ្សារទំនើប និងទីផ្សារអន្តរជាតិ។
សិក្ខាសាលានេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរ និងអភិវឌ្ឍន៍អាជីវកម្មក្នុងស្រុកអោយកាន់តែប្រសើរលើគុណភាព ការវេចខ្ចប់ និងការបំពេញលក្ខខណ្ឌតម្រូវរបស់ទីផ្សារស្តង់ដារ តាមរយៈ បទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញលើវិស័យលក់រាយ ផ្សារទំនើប វិស័យធនាគារ ផ្នែកទីផ្សារ និងស្តង់ដារកំណត់របស់ផលិតផលតាមប្រភេទនីមួយៗ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និង ស្ថាប័នបារកូដ សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និង ពាណិជ្ជករប្រមាណជាង ១៥០នាក់។
សូមបញ្ជាក់ថា សិក្ខាសាលានេះ មិនត្រឹមតែជាវេទិការចែករំលែកចំណេះដឹង វិធីសាស្ត្រ និងអនុសាស្ត្រប៉ុណ្ណោះទេ ទេ តែថែមទាំងជាឱកាសផ្គូរផ្គងអាជីវកម្ម ជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូរបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ និង ផលិតភាព ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារអោយកាន់តែទូលំទូលាយ ៕
រូបភាព និងអត្ថបទ៖ ស្ថាប័នជីអេស១កម្ពុជា








































BECOME A MEMBER
