ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជាក្នុងឱកាសទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង «ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជាក្នុងឱកាសទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ព្រមទាំងមានអ្នកចូលរួមមកពីបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ ជាច្រើនកុះករ។
សូមជម្រាបជូនថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ជាវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលមានចំណែករហូតជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានចូលរួមបង្កើតការងារ ផ្តល់ប្រាក់ចំណូលផ្ទាល់ និងប្រយ៉ោល និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្ដបន្ទាប់។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានផ្តល់ការយកចិត្តទុកដាក់ គាំទ្រ និងលើកកម្ពស់វិស័យឯកជន ជាពិសេស ការយកចិត្តទុកដាក់ទៅលើ សហគ្រាសធុនតូច និងមធ្យម(SMEs) ដែលបានកំណត់ជាអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិទី៧។