វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន
ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន គណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន(AMEICC) និង ធនាគារ Mizuho រៀបចំ វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ដែលប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងជំរុញឱ្យក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជាដឹកនាំដ៏រស់រវើកនិងមានប្រសិទ្ធភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ នេះជាការថ្លែងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ កម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នារសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា “ប្រទេសជប៉ុនផ្ដល់ជូនធុរកិច្ចកម្ពុជា នូវទីផ្សារសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកដ៏ធំមួយសម្រាប់ផលិតផល និងធនធានគុណភាពខ្ពស់របស់កម្ពុជា។ ទុនវិនិយោគមានស្ថេរភាព។ឱកាសផលិតកម្មកម្រិតខ្ពស់នាពេលអនាគតដែលជំរុញដោយកម្លាំងពលកម្មសេដ្ឋកិច្ចវ័យក្មេងរបស់កម្ពុជា។ភាពសម្បូរបែប នៃជំនាញបច្ចេកវិទ្យាទំនើប និងវប្បធម៌នៃការច្នៃប្រឌិតឥតឈប់ឈរ។ឱកាសដ៏សំខាន់សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាដែលមិនអាចកាត់ថ្លៃបាន។ សេដ្ឋកិច្ចរឹងមាំ និងមានស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដែលអាចទុកចិត្តបានសម្រាប់កិច្ចសហប្រតិបត្តិការ”។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា “សម្រាប់ធុរកិច្ចជប៉ុន ប្រទេសកម្ពុជាផ្តល់ជូនទីផ្សាររីកចម្រើន និងរស់រវើកបំផុត។កម្លាំងពលកម្មវ័យក្មេង និងកាន់តែមានជំនាញដែលត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកដល់ការរីកចម្រើន។ទីតាំងយុទ្ធសាស្ត្រ ជាចំណុចបេះដូងអាស៊ាន ដែលផ្តល់នូវការចូលទៅកាន់ទីផ្សារដ៏ធំដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់ នៅក្នុងប្រទេសជិតខាង រួមទាំងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែល មានស្រាប់។វេទិកាសេដ្ឋកិច្ចទូលំទូលាយដោយប្រើរូបិយបណ្ណដុល្លារ ដែលមានស្ថិរភាព”។
អ្នកឧកញ៉ា បញ្ជាក់ថា រាជរដ្ឋាភិបាលដែលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេសនិងអនុញ្ញាតឱ្យក្រុមហ៊ុន បរទេសមានកម្មសិទ្ធិ ១០០%។ ក្នុងឱកាស នៃការបង្ហាញសក្តានុពលនេះ អ្នកឧកញ៉ាបានអំពាវនាវដល់ធុរកិច្ចពីប្រទេសយើងទាំងពីរ ឱ្យធ្វើការស្វែងយល់យ៉ាងសកម្មនូវភាពជាដៃគូក្នុងវិស័យសំខាន់ៗ។
វេទិកានេះប្រព្រឹត្តទៅដោយជោគជ័យ ដែលនៅក្នុងនោះធុរជនទាំងពីរប្រទេសបានចូលរួមជំនួបពាណិជ្ជកម្មពិភាក្សាជាមួយគ្នា ដើម្បីពិនិត្យលទ្ធភាព សហប្រតិបត្តិការរួម លើសពីនេះ ក៏មានការពិភាក្សាលើកាលានុវត្តភាព និងគោលនយោបាយលើកទឹកចិត្តវិនិយោគ របស់កម្ពុជា ដែលអំណោយផលដល់ធុរជនជប៉ុន។