កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងថ្នាក់ដឹកនាំអាស៊ាន
ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖ នារសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅ ប្រទេសម៉ាឡេស៊ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ាន និងថ្នាក់ដឹកនាំអាស៊ាន ដែលប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលសន្និសីទគួឡាឡាំពួ។ ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានដាក់របាយការណ៍អនុសាសន៍ជូន ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលផ្តោតលើការជំរុញសមាហរណកម្មអាស៊ាន។
ចំនុចអាទិភាពសំខាន់ៗរួមមាន៖
១) ការលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសសមាជិកអាស៊ាន
២) ជំរុញការធ្វើសមាហរណកម្ម និង ការតភ្ជាប់ សេដ្ឋកិច្ច
៣) ការបង្កើតក្របខណ្ឌប្រកបដោយចីរភាពនិងបរិយាប័ន្ន និង
៤) ការកសាងអាស៊ានឌីជីថលដែលធន់នឹងវិបត្តិ
អនុសាសន៍របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើសារៈសំខាន់នៃការរួបរួមទីផ្សារ ស្របទៅនឹងមូលបទនៃម្ចាស់ផ្ទះម៉ាឡេស៊ី គឺបរិយាប័ន្ននិងចីរភាព។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានផ្តល់នូវមតិឆ្លើយតប និង ទទួលស្គាល់តួនាទីដ៏សំខាន់របស់សហគមន៍
ធុរកិច្ច ក្នុងការសម្រេចឲ្យបាននូចគោលបំណងសហគមន៍សេដ្ឋកិច្ចចអាស៊ាន។