BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Celebration ceremony for receiving 200 investment companies and a meeting with workers and employees in the Preah Sihanouk Special Economic Zone

ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

(ខេត្តព្រះសីហនុ) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម «ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនាព្រឹកថ្ងៃនេះ ក្រៅពីការអបអរសាទរក្នុងការទទួលបានក្រុមហ៊ុនវិនិយោគទី២០០ហើយនោះ ក៏មានកិច្ចសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ៣ម៉ឺន ២ពាន់នាក់ ដែលជាអ្នកកំពុងបម្រើការងារតាមរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងកម្ពុជា-ចិន ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជិនពីង។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៨ លើផ្ទៃដីជាង ១ពាន់ហិកតា ស្ថិតនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមកិច្ចសហការវិនិយោគពីក្រុមហ៊ុនចំនួន៣របស់ចិន។

កាលពីឆ្នាំ២០០៨ ដីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់មួយដែលមួយស្ងប់ស្ងាត់ និងមិនមានសកម្មភាពសេដ្ឋកិច្ចអ្វីនោះឡើយ។ ប៉ុន្តែក្រោយពេលបង្កើតទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោមការគិតគូរដ៏ច្បាស់លាស់របស់សម្តេចតេជោ និងលោកប្រធានាធិបតី ស៊ី ជិនពីង បានធ្វើឱ្យតំបន់នេះ ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគ ហើយប្រែក្លាយជាតំបន់អ៊ូអរដោយសកម្មភាពកម្មករ និយោជិតយ៉ាងច្រើន ចេញចូលធ្វើការជារៀងរាល់ថ្ងៃ។

របាយការណ៍ បានបង្ហាញថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបជិត៣០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម ប៉ុន្តែក៏មានរោងចក្រ សហគ្រាស បានផ្អាកដំណើរការផងដែរ។ របាយការណ៍បន្តថា បច្ចុប្បន្នមានកម្មករ និយោជិតសរុបជាង ៣ម៉ឺននាក់ កំពុងធ្វើការនៅតាមរោងចក្រ សហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាមួយប្រាក់ឈ្នួលមធ្យម ៣១១ដុល្លារ។

បើតាមរបាយការណ៍បានឱ្យដឹងថា អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានដូចជា ចិន តៃវ៉ាន់ បារាំង សេណេហ្គាល់ ស្វីស អាមេរិក អៀឡង់ សិង្ហបុរី ជប៉ុន កូរ៉េ វៀតណាម និងថៃជាដើម។ រោងចក្រ សហគ្រាស ដែលកំពុងដំណើរអាជីវកម្មនៅតំបន់នេះ មានដូចជារោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារ វេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម។

វត្តមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងចិន។ ការវិនិយោគនេះ ក៏បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរតាមរយៈការទទួលបានប្រាក់ឈ្នួលយ៉ាងទៀតទាត់៕

​​​​​​​

Share: