កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំលើកទី១០ ស្តីពី ការដឹកជញ្ជូនតាមផ្លូវគោករវាងកម្កុជា-វៀតណាម
The 10th Annual Bilateral Meeting on Land Transport Between Cambodia and Vietnam.
———
នៅព្រឹកថ្ងៃអង្គារ ០៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅសណ្ឋារគារ Hoa Binh ក្នុងទីក្រុង ឡុងសិុន ខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម, ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ "ច" "ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិរាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមនឹងសមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជាក្នុងវិស័យដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំលើកទី១០ ស្តីពី ការដឹកជញ្ជូនតាមផ្លូវគោករវាងកម្កុជា-វៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសកម្ពុជា និង លោកស្រី ផាន ធី ធូ ហៀន អនុប្រធាននាយកដ្ឋានផ្លូវគោកវៀតណាមនៃក្រសួងសំណង់ នៃប្រទេសវៀតណាម។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធទាំងពីរ កម្ពុជា-វៀតណាម, តំណាងសមាគមធុរកិច្ចឯកជនក្នុងវិស័យដឹកជញ្ជូន, ប្រតិបិត្តករដឹកជញ្ជូនទាំងសងខាង និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរទាំងភាគីកម្ពុជា និងវៀតណាម។
កិច្ចប្រជុំទ្វេភាគី ស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្កុជា-វៀតណាមនេះ ប្រារព្ធឡើងបន្ទាប់ពីមានការស្នើសុំពីសំណាក់ក្រុមការងារផ្នែកឯកជន ក្រុម "ច" "ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន" ដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើងជាំរៀងរាល់ឆ្នាំ ប៉ុន្តែត្រូវខកខានមួយរយៈដោយសារបញ្ហាផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការពិគ្រោះ ពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវគោក របស់ភាគីទាំងពីរកម្ពុជា-វៀតណាម។
បន្ទាប់ពីកិច្ចពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូនផ្លូវគោករួច តំណាងគណៈប្រតិភូទាំងពីរ កម្ពុជា-វៀតណាម បានធ្វើការចុះហត្ថលេខាលើកំណត់ហេតុនៃការសម្រេចរបស់អង្គប្រជុំជាផ្លូវការផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៨:៤០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc