BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Workshop on "Benefits of using standard labels for products and production systems"

សិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម»

បាត់ដំបង៖ សភាពាណិជ្ជកម្មកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច(BDC) និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង សហការជាមួយក្រសួងពាណិជ្ជកម្ម និងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) បានរៀបចំសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» ក្រោមការគាំទ្រពីសហគ្រិនខ្មែរ(KE) ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ ក៏ដូចជាបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីបង្កើនទំនុកចិត្តពីអតិថិជន និងរក្សាបានចីរភាពលើទីផ្សារសម្រាប់ម្ចាស់សហគ្រាសនានា។

សិក្ខាសាលាខាងលើ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និងអ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពី អនុប្រធាន សមាជិក-សមាជិកា សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ សភាពាណិជ្ជកម្មខេត្តប៉ៃលិន សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មន្ទីរស្ថាប័នពាក់ព័ន្ធ ពាណិជ្ជករ អាជីវករ សិប្បករ និងសិស្ស-និស្សិត ប្រមាណ១២០នាក់។

ឯកឧត្តម ផេង សិទ្ធី បានថ្លែងនៅក្នុងអង្គសិក្ខាសាលាថា៖ ស្ដង់ដារគឺជាឧបករណ៍ក្នុងការវាស់វែងផលិតផលមួយ អំពីសុវត្ថិភាព និងគុណភាពសម្រាប់អ្នកបរិភោគបាន នោះគឺជាទីផ្សារដ៏សំខាន់ ដូច្នេះម្ចាស់សហគ្រាស សិប្បកម្មទាំងអស់ត្រូវគិតអំពីស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្មរបស់ខ្លួនឱ្យបានល្អ ដើម្បីប្រយោជន៍បានយូរអង្វែង ។

អ្នកឧកញ៉ា ភួ វាសនា បានលើកឡើងពីសារៈសំខាន់នៃស្លាកសញ្ញាស្តង់ដារក្នុងការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាគុណភាពផលិតផល ជាពិសេសផលិតផលដែលមានបំណងនាំចេញ។

អ្នកឧកញ៉ា ភួ វាសនា ក៏បានវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលានេះ ដែលទទួលបានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ ជាមួយនឹងប្រធានបទនៃអង្គសិក្ខាសាលា ដែលបានផ្តល់នូវសារៈសំខាន់យ៉ាងចាំបាច់ជូនដល់អ្នកចូលរួម អាចឈ្វែងយល់កាន់តែស៊ីជម្រៅអំពីនិតីវិធី និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយលម្អិតពីមន្រ្ដីជំនាញមកពីវិទ្យាស្ថានស្ដង់ដារ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍។

សិក្ខាសាលានេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរឡើងនូវការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សូមជម្រាបជូនថា សិក្ខាសាលាខាងលើនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភដោយធនាគារ វីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា៕

រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

Share: