កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ប្រទេសចិន
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ៊ូ យូសុង (Hu Yusong) ប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្ម ឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន (Hainan Free Trade Zone Cross-Border Trade Chamber of Commerce) ក្នុងឱកាសដែលគណៈប្រតិភូធុរកិច្ចខេត្តហៃណានបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និង ស្វែងរកកាលានុវត្តភាពធុរកិច្ច។
អ្នកឧកញ៉ា លី ឃុនថៃ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហៃណាន និងបានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ខេត្តហៃណានដែលជាកំពង់ផែពាណិជ្ជកម្មសេរី និងមានសក្តានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ អ្នកឧកញ៉ា បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និង សង្កត់ធ្ងន់ថាកម្ពុជាគឺជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនចិន ព្រោះមានស្ថិរភាពនយោបាយ ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន កម្លាំងពលកម្មវ័យក្មេង លទ្ធភាពទទួលបានទីផ្សារអនុគ្រោះ និងបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ។ អ្នកឧកញ៉ា បានជម្រាបជូន គណៈប្រតិភូហៃណានអំពីកំណើនសេដ្ឋកិច្ច កាលានុវត្តភាព និង បច្ចុប្បន្នភាពនៃវិស័យសក្តានុពលកម្ពុជា និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។
ភាគីទាំងពីរបានឯកភាព និង កំណត់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរួម ក្នុងការជំរុញទំនាក់ទំនាក់ទំនងធុរកិច្ច។ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់ខេត្តហៃណាន ប្រទេសចិនក្នុងពេលសមស្របខាងមុខ និង ពិភាក្សាលម្អិតជាមួយ សភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន។ កិច្ចពិភាក្សាបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាល ជាភាតរៈ។