BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Meeting with Ukrainian delegation

ជំនួបពិភាក្សាជាមួយគណៈប្រតិភូអ៊ុយក្រែន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ពុធ ១៣ រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូអ៊ុយក្រែនដែលដឹកនាំដោយ ឯកឧត្តម ថារ៉ាស់ ខាច់កា (Taras Kachka) អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ៊ុយក្រែននៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

កិច្ចពិភាក្សានេះផ្តោតជាសំខាន់លើការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ និង ការស្វែងរកកាលានុវត្តភាពសម្រាប់ធុរកិច្ចអ៊ុយក្រែន។ ឯកឧត្តមអនុរដ្ឋមន្រ្តី បានលើកឡើងអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរួម ក្នុងលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមក ជាជាងប្រកួតប្រជែងគ្នា។ ទន្ទឹមនឹងនេះ ឯកឧត្តម បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការ និងការចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មអ៊ុយក្រែន និងសភាពាណិជ្ជកម្មកម្ពុជា។

ឧកញ៉ា លឹម សុជាតិ បានស្វាគមន៍គណៈប្រតិភូអ៊ុយក្រែនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងបានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងកាលានុវត្តភាពនៅកម្ពុជាសម្រាប់ធុរកិច្ចអន្តរជាតិ ដែលក្នុងនោះសភាពាណិជ្ជកម្មកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យឯកជន និងមានយន្តការដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន។

Share: