BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Cambodian Chamber of Commerce promotes cooperation with Hong Kong Chamber of Commerce

សភាពាណិជ្ជកម្មកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មហុងកុង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចហុងកុងដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ប្រធានគណៈកម្មាធិការអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្មហុងកុងក្នុងអំឡុងពេលបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។ ទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រឹងរួមគ្នារបស់សភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងហុងកុង។ ។ គណៈប្រតិភូហុងកុង ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមានមកពីវិស័យ៖ ពាណិជ្ជកម្ម សុខាភិបាល ថាមពល សេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ និងទេសចរណ៍។

អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចហុងកុងនាពេលនេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់សភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងហុងកុងនិងកម្ពុជា។ អ្នកឧកញ៉ាប្រធាន គូសបញ្ជាក់អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងហុងកុង និង បានជំរុញលើកទឹកចិត្ត វិនិយោគិនចិនហុងកុង ទាញយកប្រយោជន៍ពីជាអតិបរមាពីទំនាក់ទំនងនេះ ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការ ឡាងឆាងមេគង្គ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់អំពីគោលនយោបាយលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន និង ទីផ្សារដ៏ទូលំទូលាយរបស់កម្ពុជា។

 

Share: