រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើក សិក្ខាសាលាផ្សព្វផ្សាយពី “ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ឌីជីថល” ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ការិយាល័យតំណាងពាណិជ្ជកម្ម ធនាគារ អិចផត-អ៊ីមផត ប៊ែង អហ្វ ថៃលែន (EXIM) និង សមាគមន៍ស្វ័យប្រវត្តិកម្ម និង ឌីជីថលនៃប្រទេសថៃ (TARA)។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាគមន៍ស្វ័យប្រវត្តិកម្ម និង ឌីជីថលនៃប្រទេសថៃ និងធុរជន មកពីប្រទេសកម្ពុជា និងថៃ។
សិក្ខាសាលានេះ ប្រព្រឹត្តឡើងក្នុងគោលបំណងចែករំលែក បទពិសោធន៍ ចំណេះដឹង ឧត្តមានុវត្តដែលប្រើប្រាស់ក្នុងរោងចក្រប្រទេសថៃ និងរបកគំហើញផ្សេងៗក្នុងវិស័យ ប្រព័ន្ធស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យា ឌីជីថល ដូចជា ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ៤.០ ការប្រើប្រាស់បច្ចេកវិទ្យា A.I ដៃមនុស្សយន្ត ក្នុងរោងចក្រ បច្ចេកទេស Cloud ដំណោះស្រាយបច្ចេកវិទ្យា ជាដើម។