នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូកូរ៉េ ដឹកនាំដោយ លោក ហ្កូ ក្វាងម៉ាន (Go Kwangman) ប្រធានសភាពាណិជ្ជកម្មទីក្រុងឈុនឈ័នប្រទេសកូរ៉េ។ ជំនួបពិភាក្សានេះផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ និងសិក្សាលទ្ធភាពចុះអនុស្សរណៈនាពេលអនាគត ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានជជែកពិភាក្សាអំពីការជំរុញពាណិជ្ជកម្មផលិតផលសំខាន់ៗរបស់តំបន់ឈុនឈ័ង និងផលិតផលសក្តានុពលកម្ពុជាផងដែរ តាមរយៈការផ្សព្វផ្សាយ និងការតាំងផលិតផលនៅប្រទេសទាំងពីរ ព្រមទាំងរៀបចំព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មរវាងធុរជនប្រទេសទាំងពីរ។
គណៈប្រតិភូធុរកិច្ចទីក្រុងឈុនឈ័ង ដែលអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះ ស្ថិតក្នុងវិស័យវិស្វកម្មនិងសំណង់ បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំនិងវប្បធម៌ និងទេសចរណ៍។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយលទ្ធផលជាផ្លែផ្កា។ ភាគីទាំងពីរ នឹងបន្តសិក្សាលម្អិតទៅលើគម្រោងសហការនាពេលអនាគត។



















BECOME A MEMBER
