មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នាថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ មហាសន្និបាតនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី/ខេត្ត និង សមាជិក-សមាជិកាសភាពាណិជ្ជកម្មទូទាំងប្រទេស សហគ្រិន ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងធុរជនក៏ដូចជាភាពជាដៃគូ វិស័យឯកជន និងរដ្ឋាភិបាល។ គោលបំណងនៃមហាសន្និបាតនេះ គឺដើម្បីពិភាក្សាលើលទ្ធផលការងារឆ្នាំ២០១៧ បញ្ហាប្រឈមនានា សំណូមពរ និងលើកទិសដៅការងារឆ្នាំ២០១៨ ។ ថ្លែងក្នុងមហាសន្និបាតនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្ដែងការអរគុណចំពោះឯកឧត្ដម ប៉ាន សូរស័ក្ដិ និងឯកឧត្តម ឃួង ស្រេង ដែលបានផ្ដល់វត្តមានដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងមហាសន្និបាតនាថ្ងៃនេះ។ អ្នកឧកញ៉ា ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមពីសមាជិកសមាជិកាទាំងអស់នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្នុងឱកាសនៃមហាសន្និបាតនេះ អ្នកឧកញ៉ា បានលើកឡើងថា ក្នុងនាមជាស្ថាប័នតំណាងឱ្យវិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួន និងចូលរួមអនុវត្តគោលនយោបាយសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ អ្នកឧកញ៉ាបានបង្ហាញពីមោទនភាពចំពោះលទ្ធផលដែលសម្រេចបានរបស់សភាពាណិជ្ជកម្មរាជធានី/ខេត្ត និងបានលើកទឹកចិត្តដល់សភាពាណិជ្ជកម្មរាជធានី/ខេត្តទាំងអស់ឱ្យបន្តអនុវត្តតួនាទីស្នូលរបស់ខ្លួន និងព្យាយាមដោះស្រាយបញ្ហាប្រឈមនានាដែលមានក្នុងខេត្តរបស់ខ្លួន។ នាឱកាសចូលរួមជាអធិបតីក្នុងមហាសន្និបាតនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាប្រកបដោយចីរភាព ជាពិសេសប្រែក្លាយវិស័យមួយនេះឱ្យទៅជាក្បាលម៉ាស៊ីនថាមវន្តនៃកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគ្រប់ជាន់ថ្នាក់នៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីម្ចាស់ការ និងទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា សំដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ គួរបញ្ជាក់ថា បន្ទាប់ពីមហាសន្និបាតបូកសរុបលទ្ធផលការងារ សភាពាណិជ្ជកម្មកម្ពុជា ក៏បានរៀបចំពិធីជប់លៀងបិទមហាសន្និបាត ដើម្បីអបអរសាទរ និងបង្កើតភាពស្និទ្ធស្នាលរវាងសមាជិក និងសមាជិការបស់សភាពាណិជ្ជកម្ម បង្កើតសាមគ្គីភាពជាមួយនិងសហគ្រិន ម្ចាស់អាជីវកម្ម ប្រធានក្រុមហ៊ុន ធុរជនរវាងវិស័យឯកជន និងរដ្ឋ ដែលមានវត្តមាននៅទីនោះយ៉ាងច្រើនកោះកុរ៕