BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

វេទិកាធុរកិច្ចកម្ពុជា-ម៉ាល់ឌីវ

 

ក្នុងឱកាសអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាឌីវ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋម៉ាល់ឌីវបានរៀបចំវេទិកាធុរកិច្ច កម្ពុជា-ម៉ាល់ឌីវ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម មូហាមេត ឡាត ហាមីត (Mohamed Iaad Hameed) អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច សាធារណរដ្ឋម៉ាល់ឌីវ។ វេទិការធុរកិច្ចនេះផ្តោតទៅលើការជំរុញទំនាក់ទំនងធុរកិច្ចប្រទេសទាំងពីរ និង មានការពិភាក្សាផ្លាស់ប្តូរយោបល់អំពីកាលានុវត្តភាព បរិយាកាស វិនិយោគ និងវិស័យសក្តានុពលនានា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចសាធារណរដ្ឋម៉ាល់ឌីវ និងធុរជន ម៉ាល់ឌីវនិង កម្ពុជា។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួម វេទិកាធុរកិច្ចនេះ និង ថ្លែងអំណរគុណជូនចំពោះភាគីម៉ាល់ឌីវដែលបានរៀបចំវេទិកាធុរកិច្ចដែលមានសារៈសំខាន់នេះ បង្ហាញឲ្យឃើញពីទំនាក់ទំនងល្អខាងវិស័យ ធុរៈកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ ឧកញ៉ា លឹម ហេង ក៏បានលើកឡើងពីការរីកចម្រើនសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជា វិស័យសក្តានុពលសំខាន់ៗ ជាពិសេសក៏បានអញ្ជើញវិនិយោគិន ម៉ាឌីវទៅសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ឧកញ៉ា បានបញ្ជាក់ថា កម្ពុជាអាចនាំផលិតផលរួចពន្ធ ទៅកាន់ទីផ្សារអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក ទីផ្សារចិន កូរ៉េ និងទីផ្សារផ្សេងទៀត ក្រោមកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគី រួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា -កូរ៉េ ជាដើម ។ ក្នុងនោះសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ទោះបីជាមានវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានរក្សា នូវកំណើនរឹងមាំ ដោយក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើនជាង៥ភាគរយ ហើយឆ្នាំ២០២៣ អាចមានកំណើនប្រមាណជា៦ភាគរយ។

នៅក្នុងវេទិកានេះក៏មានការពិភាក្សាគ្នាលម្អិតទៅលើសក្តានុពលវិស័យនីមួយៗ ទាំងការនាំចេញ កានាំចូលផលិតផល និង និងការសិក្សាទៅលើគម្រោងអភិវឌ្ឍន៍រួម ជាពិសេសសិក្សាទៅលើគោលនយោបាយជំរុញការវិនិយោគរវាងប្រទេសទាំងពីរ៕

 

Share: