រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចចម្រុះ លើកទី ១៩ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ព្រមទាំង សមាជិកនៃក្រុមប្រឹក្សាធុរកិច្ចចម្រុះពី អឺរ៉ុប អាមេរិក អង់គ្លេស អូស្តា្រលី នូវែលសេឡង់ ជប៉ុន កាណាដា ចិន ក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន និង ក្រុមប្រឹក្សាសមាគមសហគ្រិនស្ត្រីអាស៊ាន ជាដើម។
កិច្ចប្រជុំ បានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សារួមមាន៖
១) ការអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចម្រុះលើកទី១៨
២) ការអនុម័តលើរបៀបវារៈកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចម្រុះលើកទី១៩
៣) កម្មវិធីសំខាន់ៗដែលនឹងត្រូវអនុវត្តអំឡុងពេលកម្ពុជាជាប្រធាននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២
៤) ការគាំទ្ររបស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះចំពោះចំណុចអាទិភាពនានា
៥) ពង្រាងរបាយណ៍ស្នើសុំការគាំទ្រពីអគ្គលេខាធិការរងអាស៊ាន
៦) បច្ចុប្បន្នភាពនៃសកម្មភាពក្រុមការងារផ្នែកឌីជីថល និងក្រុមការងារថាមពលបៃតង និងចីរភាព
៧) បទអន្តរាគមន៍របស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះនីមួយៗ
៨) ផ្សេងៗ
អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុសទៅលើរបៀបនីមួយៗ និង បានស្វាគមន៍ គាំទ្រនូវកម្មវិធីដែលនឹងរៀបចំឡើងដោយ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កម្ពុជា និងបន្តគាំទ្រនូវគម្រោងជាកេរ្តិ៍ដំណែលឆ្នាំមុនៗ។