នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងលីយ៉ាង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Xu Huaqin អភិបាលក្រុងលីយ៉ាង និងធុរជនទីក្រុងលីយ៉ាង នៅសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើតទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរក្នងបំណងជំរុញទំនាក់ទំនងធុរកិច្ច និងវិនិយោគ និងវិស័យទេសចរណ៍ទៅវិញទៅមករវាងកម្ពុជា-ចិន ជាពិសេស នៅទីក្រុងលីយ៉ាង។ ក្នុងជំនួបនេះ ភាគីចិន ក៏បានស្នើថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុងលីយ៉ាង និងស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៃទីក្រុងនេះ។ ជាការឆ្លើយតប លោកឧកញ៉ា នឹងស្វែងរកពេលវេលាសមស្របខាងមុខ ដើម្បីធ្វើទស្សនកិច្ចទៅទីក្រុងលីយ៉ាង និងបានចែករំលែកអំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជាដល់គណៈប្រតិភូចិនផងដែរ។