BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាព របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ក)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំ ប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាព របស់កំពង់ផែស្វយ័តភ្នំពេញ។

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលចំនាយពេលវេលាដ៏មានតម្លៃ ក្នុងការធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាព របស់កំពង់ផែស្វយ័តភ្នំពេញ។

ក្នុងឱកាសទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងការរីកចម្រើនរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនផ្លូវទឹក ហើយ អ្នកឧកញ៉ាប្រធាន បានលើកទឹកចិត្តដល់គណៈប្រតិភូទាំងអស់ធ្វើការស្វែងយល់ឱ្យច្បាស់ ដើម្បីប្រើប្រាស់នូវសេវាកម្មដឹកជញ្ជូនឱ្យប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយចំណាយផ្សេងៗ។

សូមជម្រាបជូនផងដែរថា កំពង់ផែស្វយ័តភ្នំពេញ បាននិងកំពុងធ្វើការអភិវឌ្ឍចំណតផែរណបតាមដងទន្លេបន្ថែមទៀត ដើម្បីបង្ខិតសេវាកម្មកំពង់ផែឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ និងជម្រុញការដឹកជញ្ជូនផ្លូវទឹកដែល ក្នុងនោះរួមមាន៖

១.ចំណតផែរណបពហុបំណងTS១១ មានទីតាំងស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

២.ចំណតផែរណបពហុបំណងUM១ មានទីតាំងស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល

៣.ចំណតផែរណបពហុបំណUM២ មានទីតាំងស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

៤. ចំណតផែរណបពហុបំណងLM២៦ មានទីតាំងស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។

ទស្សនកិច្ចសិក្សាស្វែងនេះបានបញ្ចប់ដោយលទ្ធផលគួរជាទីគាប់ចិត្ត។

Share: